ប្រទេសកូរ៉េខាងត្បូង និង ១០ប្រទេសផ្សេងទៀត​បង្កើតក្រុមសហប្រតិបត្តិការ សម្រាប់ជំងឺ​រាតត្បាតនៅឯអង្គការយូណេស្កូ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងប្រទេស ១០ ផ្សេងទៀតបានចាប់ផ្តើមបង្កើតក្រុមការងារមួយនៅឯអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ (យូណេស្កូ) ដើម្បីលើកកម្ពស់​កិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរើសអើង និងបញ្ហាសង្គមដទៃទៀតដែលកើតចេញពី មេរោគកូរ៉ូណាវីរុស។

ទីក្រុងសេអ៊ូលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតក្រុមការងារមិត្តភាពនេះ សម្រាប់សាមគ្គីភាព និងការរួមបញ្ចូលជាមួយ​ការអប់រំពលរដ្ឋសកលលោក (GCED) បន្ទាប់ពីការចាប់ផ្តើមក្រុមស្រដៀងគ្នានេះនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១២ ខែឧសភា និងអង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ។

ការចាប់ផ្តើមនេះបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលបាននឹងកំពុងព្យាយាមចែករំលែកដល់ពិភពលោកនូវរបៀប​និងបទពិសោធន៍របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅពីក្រោយនៃការទទួលស្គាល់ជាសកលលោកដែលកំពុង​កើនឡើងសម្រាប់យុទ្ធសាស្ត្រទប់ទល់របស់ខ្លួន។

សមាជិកនៃក្រុមយូណេស្កូ បានរៀបចំកិច្ចប្រជុំតាមវីដេអូមួយ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយការ​ស្អប់ខ្ពើមប្រឆាំងនឹងជនបរទេស និងបញ្ហាផ្សេងៗទៀតដែលបានកើតឡើងក្នុងអំឡុងពេលផ្ទុះមេរោគកូរ៉ូណាវីរុសនេះ។

ប្រទេសជាសមាជិកនៃក្រុមការងារនេះ រួមមាន កូរ៉េខាងត្បូង អាមេនី អូទ្រីស បង់ក្លាដែស កូឡុំប៊ី អ៊ីតាលី ហ្ស៊កដានី កេនយ៉ា ហ្វីលីពីន ស៊ែប៊ី និង សេណេហ្គាល់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំតាមវីដេអូបាននិយាយថា «ក្រុម     ការងារមិត្តភាពរបស់យើងនឹង​ដើរតួជាវេទិកាមួយសម្រាប់សាមគ្គីភាព និងការដាក់បញ្ចូលដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ និងលើសពីនេះ»។

ក្រុមការងារនេះនឹងផ្តោតទៅលើការលើកស្ទួយសំឡេងប្រឆាំងនឹងការស្អប់ ការរើសអើង និងការមាក់ងាយទាក់ទងទៅនឹងជំងឺ​កូវីដ-១៩ និងលើកកម្ពស់ GCED សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិភពលោកក្រោយការរាតត្បាតនៃជំងឺនេះ។

នៅក្នុងសុន្ទរកថាអបអរសាទររបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេស Kang Kyung-wha បាននិយាយថា ការស្អប់ខ្ពើម​ចំពោះជនបរទេស និងការរើសអើងបានបំផ្លាញគ្រឹះនៃសិទ្ធិមនុស្ស និងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ខណៈដែលលោកស្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអប់រំស៊ីវិល៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)