សម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនស្រ្តីទី១កម្ពុជាចេះបាញ់កាំភ្លើងនិងបោកគ្រប់បែកក្នុងសម័យសង្គ្រាម

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ សម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនស្រ្តីទី១កម្ពុជាមានសមត្ថភាព​ចេះបាញ់កាំភ្លើងបោកគ្រប់​បែកក្នុងសម័យសង្គ្រាម ហើយបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ក្នុងនាម​ភរិយានាយករដ្ឋមន្រ្តី​​កម្ពុជានិងជាប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង​​ជាអ្នកនិពន្ធសៀវភៅចំណងជើងថាប៊ុនរ៉ានី​ភរិយា​បុរស​ខ្លាំង នៃកម្ពុជាប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២ ខែឧសភានេះថា សៀវភៅកម្រាសជាង៣០០ទំព័រនេះ បានរំលេចពីការតស៊ូរបស់សម្តេចកិតិព្រឹទ្ធបណ្ឌិតពេលចូលបំរើជាយោធា ហើយសម្តេចចេះពីរបៀបបោកគ្រប់បែក បាញ់​​កាំភ្លើងស្ទើគ្រប់ប្រភេទ ជីកត្រង់សេរ យាមពេលយប់ជាដើម ដែលការលះបង់នេះ ស្ទើរតែមិនមាន​​មេដឹកនាំ​​ស្រ្តីទីមួយ​នៃប្រទេសនានាធ្វើដូចឡើយ។

ឯកឧត្តម ឆាយសុផល៖ “ រឿងសំខាន់ដែលខ្ញុំបានរំលេចក្នុងសៀវភៅនេះ (សៀវភៅ ប៊ុនរ៉ានីភរិយាបុរសខ្លាំង​​នៃកម្ពុជា​) បរទេសបានប្រាប់ខ្ញុំដែរ គាត់បានស្ងប់ស្ងែងមែនទែនត្រង់ចំណុចមួយ មើលទៅមានតែ​​ស្ត្រីទីមួយ​​កម្ពុជាទេ លោកឆ្លង ហែលនូវគ្រប់ឧបស័គ្គ ទាំងអស់ តាំងពីទាហាន តាំងពីប្រទេសជួប​​ការលំ​​បាកបំផុតរហូត​​មកដល់បច្ចុប្បន្ន។ ខ្ញុំបានរំលេចឡើងលោក (សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន​​សែន )ចេះបោកគ្រប់បែក  លោកចេះបាញ់កាំភ្លើងស្ទើរគ្រប់ប្រភេទ លោកជីកត្រង់សេ លោកយាមកាមពេលយប់ នៅពេលលោកចូល​រួមក្នុងចលនាកងទ័ពកាលពីយុវវ័យ អញ្ចឹងនេះជាចំណុចសំខាន់។ ខ្ញុំបានស្រាវជ្រាវច្រើនដែរបើប្រៀបធៀប​​នឹងប្រវត្តិគាត់​ជាមួយ​ស្ត្រីទីមួយរបស់ប្រទេសជាច្រើនក្នុងតំបន់ និងលើសកលលោក គឺមិនមានអ្នកណាប្រៀប​​ធៀបបានឡើយ។ ត្រង់អាចំណុចពិបាកៗមិនអាចប្រៀបធៀបបានទ ” ។

ឯកឧត្តមបញ្ជាក់ថា បើនិយាយពីសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាអ្នកណាអ្នកណាក៏ស្គាល់ដែរ តាមរយៈការដឹក​នាំតស៊ូរំដោះប្រទេសបង្រួបបង្រួមជាតិ និងអភិវឌ្ឍ​ជាតិតាំងពីបាតដៃទទេរហូត មកដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ។ ប៉ុន្តែគេប្រហែល​ជាមិនសូវស្គាល់ប្រវត្តិភរិយារបស់         សម្តេចនោះទេ។ដូច្នេះដោយមានការឯកភាពពីសម្តេច ឯកឧត្តម ការសម្រេចនិពន្ធសៀវភៅប៊ុនរ៉ានីភរិយា    បុរសខ្លាំងនៃកម្ពុជានេះ គឺជារឿងសំខាន់​មួយរបស់លោកជាអ្នកនិពន្ធសៀវភៅពាក់ព័ន្ធនឹងថ្នាក់​​ឥស្សរជនឆ្នើមកម្ពុជាដើម្បីទុកឱ្យអ្នកស្រាវ​​ជ្រាវ និងយុវជនជំនាន់ក្រោយបានដឹងកាន់តែលំ​​អិតរបស់សម្តេចកិ​​តិ​ព្រឹទ្ធបណ្ឌិត​​ប៊ុនរ៉ានីហ៊ុនសែន។

សូមបញ្ជាក់ថាសៀវភៅប៊ុន រ៉ានីភរិយាបុរសខ្លាំងនៃកម្ពុជានេះ បានបោះពុម្ពលើកទី១ជាភាសាខ្មែរ​​កាលពីថ្ងៃទី១០​ខែធ្នូ២០១៩ ហើយក្រោមការជួយឧបត្ថមពីថ្នាក់ដឹកនាំ និងសប្បុរសជន សៀវភៅនេះបានបោះពុម្ពជាភាសាខ្មែរ ចិន​និងអង់​គ្លេសជាច្រើនច្បាប់ជាបន្តបន្ទាប់​៕