ប្រទេសសិង្ហបុរីកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ជាលើកទីបី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃទី២៦ ខែឧសភា ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីបានឱ្យដឹងថា ប្រទេសសិង្ហបុរីបានទម្លាក់ការព្យាករណ៍ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ ២០២០ របស់ខ្លួនជាលើកទីបី ខណៈដែលសេដ្ឋកិច្ចបានត្រៀមខ្លួន សម្រាប់វិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មាន។

ប្រទេសនេះបានទម្លាក់ការព្យាករណ៍កំណើនរបស់ខ្លួនពីចន្លោះពី -៧ភាគរយ ទៅ -៤ភាគរយពីការព្យាករណ៍លើកមុន ដែលមាន​ចន្លោះពី -១ភាគរយ ទៅ -៤ភាគរយ។ សេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះ ០,៧ភាគរយប្រចាំឆ្នាំនៅក្នុងត្រីមាសទី១ នេះ និង ៤,៧ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស ដែលជាការថយចុះខ្លាំងជាងការព្យាករណ៍ទុកមុន។

លោក Gabriel Lim លេខាធិការអចិន្រ្តៃយ៍នៃក្រសួងនេះត្រូវបានដកស្រង់សម្តីដោយអ្នកសារព័ត៌មានដែលបាននិយាយថា​ កម្រិតនៃភាពមិនច្បាស់លាស់នៅតែបន្តដោយយោងទៅលើរយៈពេល និងភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដូចជាគន្លងនៃការ​ងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។

ប្រទេសសិង្ហបុរីក៏បានបន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ ២០២០ ចំពោះការនាំចេញក្នុងស្រុកដែលមិនមែនប្រេង ពី  -៤ភាគរយ ទៅ -១ភាគរយ និងពី -០,៥ភាគរយ ទៅ ១,៥ភាគរយកាលពីពេលមុន។ ការនាំចេញ គឺជាចំណុចភ្លឺដ៏កម្រមួយសម្រាប់ សេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការកើនឡើងនៃតម្រូវការឱសថ។

ក្រុមអ្នកវិភាគរំពឹងថា សេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសទី ២ នេះ ដោយសារការបិទទ្វារ​ប្រទេសរយៈពេល ២ខែ ដែលក្នុងនោះកន្លែងធ្វើការភាគច្រើនបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

ប្រទេសសិង្ហបុរីកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតរបស់ខ្លួនដែលមិនធ្លាប់មាន ដោយអាជ្ញាធរបានព្រមានថា អត្រាគ្មានការងារធ្វើអាចនឹងកើនឡើង ខណៈដែលប្រាក់ឈ្នួលនឹងមានការធ្លាក់ចុះ។

ប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតនៅតំបន់អាស៊ី ហើយបាននិយាយថា​ ការបន្ធូរបន្ថយការ​ចាក់សោប្រទេសនៅខែបន្ទាប់នឹងត្រូវបានធ្វើបន្តិចម្តងៗ។ ក្រសួងហិរញ្ញវត្ថុគ្រោងនឹងផ្តល់កញ្ចប់ថវិកាចុងក្រោយបំផុត ដែលជាកញ្ចប់​ថវិកាសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ដើម្បីទូទាត់ការប៉ះទង្គិចដល់អាជីវកម្ម និងគ្រួសារពីជំងឺរាតត្បាតចាប់ពីថ្ងៃទី ២៦ ខែឧសភានេះតទៅ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)