ប្រទេសចិនចែករំលែកព័ត៌មានអំពីការស្នើច្បាប់ស្តីពី សន្តិសុខហុងកុងជាមួយកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ មន្ត្រីស្ថានទូតចិនបាននិយាយថា ប្រទេសចិនបានចែករំលែកព័ត៌មាន​ជាមួយ កូរ៉េខាងត្បូង អំពីការជំរុញរបស់ខ្លួនសម្រាប់ច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយសម្រាប់ទីក្រុងហុងកុង នៅក្នុងសកម្មភាព​ជាក់ស្តែងមួយ ដើម្បីស្វែងរកការគាំទ្រពីទីក្រុងសេអ៊ូលចំពោះសំណើនេះ។

មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhab តាមទូរស័ព្ទថា «ប្រទេសចិនបានចែករំលែកព័ត៌មាន ទាក់ទងនឹងកិច្ច​ខិតខំប្រឹងប្រែងសម្រាប់ច្បាប់ ទាក់ទងនឹងការការពារសុវត្ថិភាពហុងកុង ជាមួយ រដ្ឋាភិបាលកូរ៉េខាងត្បូង និងវិស័យផ្សេងទៀតតាមរយៈបណ្តាញការទូត»។

មន្ត្រីរូបនោះបាននិយាយបន្ថែមថា «នៅពេលសមាជប្រជាជនជាតិចិនបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែឧសភា ទីក្រុងប៉េកាំង​បានចែករំលែកខ្លឹមសារនៃច្បាប់នេះ ជាមួយក្រសួងការបរទេសរបស់ប្រទេស កូរ៉េខាងត្បូង»។

សំណើនេះនឹងហាមឃាត់ការធ្វើវិទ្ធង្សនាការបំបែកចេញ ឬការក្បត់ជាតិ និងអនុញ្ញាតឱ្យរដ្ឋាភិបាល កណ្តាលរៀបចំមូលដ្ឋាន​សន្តិសុខនៅហុងកុង ដោយបង្កការព្រួយបារម្ភថា វាអាចធ្វើឱ្យអន្តរាយដល់គោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» របស់ប្រទេសចិន។

វិធានការជាក់ស្តែងរបស់ចិនក្នុងការស្វែងរកការគាំទ្រពីកូរ៉េខាងត្បូង កំពុងបង្កបញ្ហាប្រឈមខាងការទូតយ៉ាងស្មុគស្មាញដល់​ទីក្រុងសេអ៊ូល ខណៈដែលទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងសំណើដែលគំរាមដកសិទ្ធិឯកទេសពាណិជ្ជកម្មពិសេសរបស់ហុងកុង។

ការជំរុញច្បាប់នេះបានកើតឡើងចំពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង រវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ​ជុំវិញវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខ។ ភាពតានតឹងរវាងមហាអំណាចទាំងពីរបានកើនឡើង នៅពេលដែលសហរដ្ឋអាមេរិក​កំពុងជំរុញឱ្យបណ្តាញវិបុលភាពសេដ្ឋកិច្ចរបស់ខ្លួន នូវគំនិតផ្តួចផ្តើមធ្វើពិពិធកម្មបណ្តាញផ្គត់ផ្គង់សកលលោកនៅឆ្ងាយពីប្រទេសចិន។

នៅចំពោះមុខបញ្ហាភូមិសាស្ត្រនយោបាយបែបនេះ រដ្ឋមន្រ្តីក្រសួងការបរទេសនៃទីក្រុងសេអ៊ូល លោកស្រី Kang Kyung-wha គ្រោងនឹងបើកកិច្ចប្រជុំអន្តរកម្មមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីដំណោះស្រាយការទូតដើម្បីដោះស្រាយបញ្ហា​ភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)