រដ្ឋបាល​ខេត្តកោះកុង បើក​សិក្ខាសាលា ស្តីពី​ការរៀបចំ​សាងសង់ ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០
​នៅ​សាលា​ខេត្តកោះកុង បាន​បើក​សិក្ខាសាលា ស្តីពី​ការរៀបចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន អនុគណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ និង​មានការ​ចូលរួម​ពី​អភិបាល អភិបាលរង​ខេត្តកោះកុង ក្រុម​កា​ងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​។ នេះ​បើតាម​ប្រភពពី​ក្រសួងការពារជាតិ​។​

​លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​បញ្ជាក់ថា សិក្ខាសាលា ដែល​យើង​បានរៀបចំ និង​កំពុងដំណើរការ​នាពេល​នេះ គឺមាន​គោលបំណង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ការរៀបចំ​សាងសង់​ស្តូប អនុស្សា​យ​វ​រី​យ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្តកោះកុង ដើម្បី​រម្លឹក​គុណ និង​ចារិក​ទុក​នូវ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លះបង់​គ្រប់សព្វ​បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។

​លោកជំទាវ​បាន​បញ្ជាក់ថា ការលះបង់ និង​ការតស៊ូ​ពុះពារ​កាត់​ការលំបាក​ជាច្រើន​រាប់មិនអស់ និង​ភាពក្លាហាន​ប៉ិនប្រសប់​ដាក់ចេញ និង​អនុវត្តន៍​នូវ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ បាន​នាំមក​នូវ​សន្តិភាព​ទូទាំងប្រទេស ដែល​ផ្តល់ឱកាស​អោយមាន​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ រហូតដល់​បច្ចុប្បន្ននេះ​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស​របស់ សម្តេច​ពិជ័យ​សេនា អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ បាន​ថ្លែងថា ការរៀបចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​កោះកុង ជា​ជំហាន​ចាប់ផ្តើម មួយ​ថ្មី​ទៀត​ដែល​បង្ហាញ​ពី​ភាព​ក​ត្ត​ញ្ញូ ពី​ការដឹងគុណ​ចំពោះ​គោលនយោបាយ ឈ្នះ ឈ្នះ និង​ចំពោះ​ស្ថាបនិក​ឯក គឺ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ព្រមទាំង​ប្រតិបត្តិ​ករ​ដ៏​វិសេសវិសាល កាត់ថ្លៃ​ពុំបាន​ជាច្រើន ដែល​ក្នុងនោះ​មាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​បាន​ប្រតិបត្តិ​គោលនយោបាយ​ឈ្នះ ឈ្នះ ដ៏​សកម្ម និង​ឈ្លាសវៃ ហើយ​បទ​បែន​គ្រប់ពេលវេលា​ធ្វើឱ្យ​គោលនយោបាយ សម្រេច​ជោគជ័យ​រួម​ជាមួយនិង​ប្រតិបត្តិ​ករ​ដទៃទៀត និង​តាម​តំបន់​នានា ធ្វើឱ្យ​ប្រទេសជាតិ មាន​សុខ សន្តិភាព និង​ការ​ឯកភាពគ្នា​ទូទាំងប្រទេស​។​

​ឯកឧត្តម ណឹ​ម សុ​វ​ត្តិ បាន​ទៀតថា ការ​រម្លឹក ការរៀបរាប់​តឹកតាង ការថែរក្សា​ជំ​រុ ញ​ការផ្សព្វផ្សាយ​ប្រវត្តិកាល​ទាំងអស់នេះ គឺជា​ភាពចាំបាច់​ដែល​យើង​ត្រូវការ​រួបរួមគ្នា ដើម្បី​កសាង និង​រៀបចំ ហើយ​ទង្វើ​ទាំងអស់នេះ​គឺជា​ការ​រម្លឹក​នូវ​ស្នាដៃ​វីរភាព ការគោរព ការដឹងគុណ ចំពោះ​ពលី​កម្ម​ដ៏​ធំធេង ដែល​បាន​បញ្ចេញ​ដោយ វីរបុរស​ព្រឹទ្ធាចារ្យ​ស្នេហា​ជាតិ​តរៀងមក​។ កិច្ចការ​នេះ ក៏​នឹង​ក្លាយទៅជា​ការបង្កើត​នូវ​សមិទ្ធផល ក្នុងការ​រៀបចំ​បង្កើត​នូវ​មរតក​សម្រាប់ អ្នកជំនាន់ក្រោយ​ផងដែរ​។​

​នាឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន បាន​មានប្រសាសន៍ថា ការរៀបចំ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​យោធា គឺជា​គំនិត​ផ្តួចផ្តើម​ដែល សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បានលើកឡើង​ក្នុង​ការពង្រីក​ចក្ខុវិស័យ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានផ្ដល់​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ២០១៨​កន្លងមក​។ ក្នុង​ចក្ខុ​វិស័យនេះ​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ គឺ​ពង្រីក​ឱ្យបាន​នូវ​ការសិក្សា និង​ឃើញច្បាស់​នូវ​អត្ថន័យ​កោះកុង ជា​ប្រវត្តិសាស្ត្រ បង្កើត​ឱ្យ បាន​នូវ​ការអភិវឌ្ឍ និង​សមិទ្ធផល​នានា ដែលមាន​សម្រាប់​ប្រជាជាតិ​កម្ពុជា ក្នុងការ​បញ្ចប់សង្គ្រាម​នេះ​។ យុទ្ធសាស្ត្រ​ពីរ​ដ៏​សំខាន់​ដែលមាន​ឡើង ក្នុងការ​ធ្វើឱ្យ​សភាពការណ៍​នៅ​ព្រំដែន ក្លាយជា​តំបន់ សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​ធ្វើឱ្យ​ព្រំដែន​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច សម្រាប់ធ្វើ​ការអភិវឌ្ឍ​៕ ដោយ សាយ សុន (​រូបថត​៖ ក្រសួងការពារជាតិ​)