មន្ទីរកសិកម្មខេត្តព្រៃវែងគ្រោង បណ្តុះបណ្តាលវិធីសាស្រ្ត ចិញ្ចឹមបង្កងអូស្ត្រាលីដល់កសិករនៅក្នុងខេត្ត

វិទ្យុជាតិកម្ពុជា៖ ស្រីផល 26,05,2020៖

មន្ទីរកសិកម្មខេត្តព្រៃវែង គ្រោង បណ្តុះបណ្តាលវិធីសាស្រ្ត ចិញ្ចឹមបង្កងអូស្ត្រាលី ដល់កសិករនៅក្នុងខេត្ត ដើម្បីផ្សព្វផ្សាយពីផលិតកម្មចិញ្ចឹមបង្កងនេះ ឱ្យបានទូលំទូលាយ ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទាក់ទងនិងការចិញ្ចឹមបង្កងនេះ គឺមិនទាន់មានការទូលំទូលាយនៅឡើយទេ ដោយនៅក្នុងខេត្ត ទើបតែមានមួយគ្រួសារប៉ុណ្ណោះ ដែលបានសាកល្បងក្នុងការចិញ្ចឹមបង្កងអូស្រ្តាលី ហើយពេលនេះគាត់ក៍កំពុងតែទទួលបាននូវលទ្ធផលល្អ ដោយបង្កងរបស់គាត់លក់បានតំលៃថ្លៃនិងសំបូរទីផ្សារ ដែលអាចជួយដល់ជីវភាពគ្រួសាររបស់ពួកគាត់បានមួយកំរិតទៀត។ លោកប្រធានបានបន្តថា ចំពោះបង្កងអូស្រ្តាលីទឹកសាបនេះ គឺមិនទាន់ចិញ្ចឹមលក់ជាបង្កងសាច់នោះទេ គឺចិញ្ចឹមលក់របៀបជាកូនបង្កងនិងបង្កងមេពូជ ដែលកូនបង្កងក្នុងមួយក្បាលលក់បាន២០០០រៀល រីឯបង្កងមេពូជលក់បានក្នុងមួយគូ១០$ ហើយក្នុងមួយខែៗគាត់លក់ចេញទាំងមេបង្កងនិងកូនបង្កងសរុប៤០០ទៅ៥០០ក្បាល។ លោកបានបន្តទៀតថា ខាងមន្ទីរគ្រោង បណ្តុះបណ្តាល និងផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច ដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីឲ្យពួកគាត់យល់ដឹង និងងាកមកចិញ្ខឹមបង្កងនេះ ។
លោកប្រធានបានបញ្ជាក់ថា ការចិញ្ចឹមបង្កងអូស្រា្តលីទឹកសាបនេះ គឺមានភាពងាយស្រួលជាងការចិញ្ចឹមបង្កងខ្មែរ ដោយសារបង្កងនេះមានភាពធន់ទ្រំាជាងបង្កងខ្មែរ ហើយឆាប់ទទួលបានផល ឯបង្កងខ្មែរវិញគឺត្រូវការរស់នៅក្នុងទឹកជ្រៅនិងត្រូវការអុកស៊ីសែនកំរិតខ្ពស់។