ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាថ្នាក់ខេត្ត នៅសាលាខេត្តបាត់ដំបង

AKP  ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០

ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ខេត្ត នៅខេត្តបាត់ដំបង ក្រោម ប្រធានបទ “កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩” កាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២០។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា បានឱ្យ ដឹងថា សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង ប្រធានសមាគមធនាគារ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមី ក្រូហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋាន ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តប្រមាណ១០០នាក់។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា សិក្ខាសាលានេះត្រូវបានរៀបចំទ្បើង ក្នុង គោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗ របស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែល បានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារ ផល ប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់នូវ អនុសាសន៍មួយចំនួនបន្ថែម លើវិធានការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជាកន្លងមករួម មាន៖ ១- គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញសម្រាប់គ្រប់វិស័យ។ ២- អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា លំបាក ជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ៣- អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីទប់ ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា និង៤- បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕

ដោយ សាយ សុន (រូបថត៖ ធនាគារជាតិនៃកម្ពុជា )