រដ្ឋបាលខេត្តព្រះវិហារ បានអៈអាងថា ប្រជាពលរដ្ឋភាគច្រើនបានយល់ច្បាស់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញឲ្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 26,05,2020៖

រដ្ឋបាលខេត្តព្រះវិហារ បានអៈអាងថា ប្រជាពលរដ្ឋភាគច្រើនបានយល់ច្បាស់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញឲ្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនិងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ដព្រះវិហារ បានមានប្រសាសន៍ថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មី ស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដោយបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ រយៈពេលជិតមួយខែមកនេះ ឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងយល់ច្បាស់ពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍បានថមថយចុះគួរអោយកត់សម្គាល់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ២៦ខែ ឧសភា នាទីស្តីការគណៈរដ្ឋមន្ត្រី លោក អភិបាលរង ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួនបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុក្រឹត្យថ្មីនេះ ដោយពួកគាត់យល់ថា បានធ្វើឲ្យអត្រាគ្រោះថ្នាក់អាចកាត់បន្ថយមកនៅកម្រិតទាបបំផុត ។
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កងកម្លាំងមានសមត្ថកិច្ចរបស់យើង បានអនុវត្តតួនាទីតាមច្បាប់តម្រូវ គឺទន់ភ្លន់តែម៉ឺងម៉ាត់ ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាច្រើនបានយល់ច្បាស់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ គឺក្នុងគោលបំណងតែមួយគត់ ដើម្បីធានានិងការពារអាយុជីវិតរបស់ពួកគាត់ ព្រោះបើកើតមានគ្រោះថ្នាក់ចរាចរណ៍លើគ្រួសាររបស់គាត់ នោះប្រាកដណាស់ថាសោកនាដកម្មមួយដែលប៉ះពាល់ដល់អនាគតរបស់ពួកគាត់និងកូនចៅ ធ្វើឲ្យមានការប្រែប្រួលជីវភាពជាថ្មី ពីការរីកចម្រើនទៅជាការខ្សត់ខ្សោយលំបាកវេទនាជាក់ជាពុំខាន ។
សូមបញ្ជាក់ថា ការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចាប់ផ្តើម កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ គឺក្នុងគោលបំណងតែមួយគត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ លើដងផ្លូវ ពិសេសដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ និងចូលរួម គោរពទាំងអស់គ្នា ៕