អ្នកជំនាញរុស្ស៊ី៖ ជំងឺរាតត្បាតកូវីដ-១៩ បង្ហាញអំពីគម្លាតរ៉ាំរ៉ៃនៅក្នុងសហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ លោក Alexander Dynkin នាយកវិទ្យាស្ថាន Primakov នៃវិទ្យាស្ថានសេដ្ឋកិច្ច​ពិភពលោក នឹងទំនាក់ទំនងអន្តរជាតិ (IMEMO) បាននិយាយថា ជំងឺរាតត្បាតប្រភេទថ្មីកូវីដ-១៩ នេះបានលាតត្រដាងនូវភាពខុសគ្នា​រ៉ាំរ៉ៃនៅក្នុងសហភាពអឺរ៉ុបទៅលើបញ្ហានៃការឯកភាពអឺរ៉ុប។

លោកបាននិយាយនៅក្នុងសន្និសីទតាមអ៊ីនធឺណេតមួយដែលរៀបចំឡើងដោយវេទិកាអាល្លឺម៉ង់ – រុស្ស៊ី និងមូលនិធិការទូត​សាធារណៈអាល្លឺម៉ង់ Gorchakov ថា «ជំងឺរាតត្បាតនេះបានបង្ហាញអំពីគម្លាតរ៉ាំរ៉ៃនៅក្នុងសហភាពអឺរ៉ុប រវាងអឺរ៉ុបនីយកម្មនៃគុណតម្លៃ នឹងការធ្វើជាតូបនីយកម្មនៃផលប្រយោជន៍»។

លោកបានកត់សម្គាល់ថា «ខ្ញុំគិតថា ការដាក់ជាស្ថាប័ននូវចំណង់ចំណូលចិត្តបុគ្គលទៅក្នុងបទប្បញ្ញត្តិនៃប្រភេទកិច្ចព្រមព្រៀង Maastricht ឬ Schengen បានបង្ហាញពីភាពផុយស្រួយរបស់វា»។ យ៉ាងហោចណាស់ យើងបានលឺនូវការសុំទោស ដែលមិនធ្លាប់មាន​ពីមុនមក ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ទៅកាន់ជនជាតិអ៊ីតាលី ចំពោះការខកខានមិនបានផ្តល់ជំនួយ​ទាន់ពេលវេលាដល់ប្រទេសនោះ ចំពេលដែលមានការឆ្លងរាតត្បាតនៃវីរុសនេះ។

លោកបានកត់សម្គាល់ថា ការប៉ុនប៉ងបង្កើតទំនាក់ទំនងជាប្រវត្តិសាស្ត្រថ្មីបានបរាជ័យ។ «អត្តសញ្ញាណជាតិ ប្រព័ន្ធផ្ទាល់ខ្លួននៃ​តម្លៃ នៅតែមានភាពខុសគ្នា។ ឧទាហរណ៍ Warsaw ថ្មីៗនេះកំពុងស្វែងរកការនិទានកថាមួយដែលថា បុរីវ៉ាទីកង់ និងសហរដ្ឋអាមេរិក នាំមកនូវសេរីភាពដល់ប្រទេសប៉ូឡូញ ខណៈដែលប្រជាជនអេស្ប៉ាញជាច្រើននៅតែចាំបានថា វាជាកិច្ចសហប្រតិបត្តិការរបស់បុរីវ៉ាទីកង់ ​ជាមួយសហរដ្ឋអាមេរិក ដែលបានពង្រីករបបផ្តាច់ការនៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេល៤០ឆ្នាំ ក្នុងគោលបំណងរារាំងកងកម្លាំង​ឆ្វេងនិយមមិនឱ្យឡើងកាន់អំណាច។

លោកបានសង្កត់ធ្ងន់ថា «ក្រៅពីនេះ ភាពស៊ីមេទ្រីបែបនេះ បានលេចចេញជារូបរាងនៅសហភាពអឺរ៉ុបជុំវិញទឡ្ហីករណ៍គាំទ្រដល់​បណ្តាប្រទេស និងវិស័យនានាដែលងាយរងគ្រោះ។  ជាក់ស្តែងបណ្តាប្រទេសនៅភាគខាងត្បូងប្រកាន់ជំហរសម្រាប់សាមគ្គីភាព​ហិរញ្ញវត្ថុ និងការទទួលខុសត្រូវរួមគ្នា ចំណែកឯបណ្តាប្រទេសនៅភាគខាងជើង ដូចជាអូទ្រីស ហូឡង់ ដាណឺម៉ាក និងស៊ុយអែត បែរជាប្រឆាំងនឹងការចែករំលែកបំណុល។ ប្រទេសអាល្លឺម៉ង់បានចាកចេញពីជំរុំភាគខាងជើងដោយមិនបានរំពឹងទុក។ លោកស្រី មឺរកែល បានជ្រើសរើសចាកចេញពីឆាកនេះក្នុងនាមជាអ្នកតស៊ូមតិនៃការឯកភាពអឺរ៉ុប៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)