កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជំរុញឱ្យមានកិច្ចប្រជុំតាមវីដេអូ របស់​រដ្ឋមន្រ្តីការពារជាតិ នៅខែក្រោយ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ — នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូង​និងសហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីបង្កើតកិច្ចប្រជុំតាមវីដេអូរវាងរដ្ឋមន្រ្តីការពារជាតិរបស់ពួកគេនៅខែក្រោយ ដើម្បីពិភាក្សា​អំពីថវិកា បដិភាគការពារជាតិ បញ្ហារបស់កូរ៉េខាងជើង និងបញ្ហាដែលមិនទាន់សម្រេចផ្សេងៗទៀត។

សកម្មភាពនេះបានធ្វើឡើង ខណៈដែលការប្រជុំប្រចាំឆ្នាំមួយនៅប្រទេសសិង្ហបូរី របស់រដ្ឋមន្ត្រីការពារជាតិនៅក្នុងតំបន់ដែលគេស្គាល់ថា ជាកិច្ចសន្ទនា Shangri-La ត្រូវបានគេបញ្ឈប់ដោយសារតែ ការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស។ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាធម្មតាបានធ្វើកិច្ចចរចាមួយទល់មួយនៅខាងក្រៅសន្និសីទ។

អ្នកនាំពាក្យក្រសួង លោក Choi Hyun-soo បានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់ថា «កិច្ចពិភាក្សាកំពុងដំណើរការរវាង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ស្តីពីការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិមួយតាមរយៈវីដេអូ។ កាលបរិច្ឆេទ និងរបៀបវារៈពិតប្រាកដ នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ»។

ខ្លឹមសារនៃរបៀបវារៈសំខាន់ៗក្នុងអំឡុងកិច្ចប្រជុំទ្វេភាគី គឺជាកិច្ចពិភាក្សារបស់ពួកគេសម្រាប់កិច្ចព្រមព្រៀងវិធានការពិសេសថ្មី (SMA) ដែលចែងថា តើទីក្រុងសេអ៊ូលនឹងត្រូវចំណាយប៉ុន្មានសម្រាប់ការថែរក្សាកម្លាំងចំនួន ២៨.៥០០នាក់របស់សហរដ្ឋអាមេរិកនៅ​កូរ៉េខាងត្បូង។

កិច្ចចរចាចែកអំពីថិវកាបដិភាគការពារជាតិនេះ ត្រូវបានជាប់គាំងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋ         អាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើថវិការបស់ទីក្រុងសេអ៊ូលថា មិនគ្រប់គ្រាន់។ ក្រុមមន្រ្តីបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើសុំឱ្យទីក្រុងសេអ៊ូល​បង់ប្រាក់ចំនួន ១,៣ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលទីក្រុង​សេអ៊ូលនិយាយថា ការផ្តល់ជូនដ៏ល្អបំផុតរបស់ខ្លួន គឺកើនឡើងបាន ១៣ភាគរយ។

ចំពេលដែលមានភាពជាប់គាំងអូសបន្លាយយូរ កងកម្លាំងសហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង (USFK) បានដាក់ឱ្យបុគ្គលិក​កូរ៉េខាងត្បូងប្រមាណ ៤.០០០នាក់ឈប់សម្រាកដោយមិនមានប្រាក់ឈ្នួលចាប់តាំងពីថ្ងៃទី ១ ខែមេសា​ មក។

យោងតាមក្រុមមន្ត្រីទាំងនោះបានឱ្យដឹងថា រដ្ឋមន្រ្តីទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំង​បញ្ហារបស់ប្រទេសកូរ៉េខាងជើង អំពីរបៀប​ដើម្បីបង្កើនជំហរត្រៀមខ្លួនរួមគ្នា និងការត្រៀមសម្រាប់ការបញ្ជូនការត្រួតពិនិត្យប្រតិបត្ដិការ​ក្នុងពេលមានសង្គ្រាមរបស់កងទ័ពកូរ៉េ​ខាងត្បូង ពីទីក្រុងវ៉ាស៊ីនតោនទៅទីក្រុងសេអ៊ូលផងដែរ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)