រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី៖ គ្មានការដោះដូរទេ រវាងវិស័យសុខាភិបាល និងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនឹងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនរបស់ខ្លួន ក្នុងការចាប់ផ្តើមសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញឡើយ។

លោកស្រី Sri Mulyani បាននិយាយថា មិនមានការដោះដូរទេ រវាងវិស័យសុខភាព និងសេដ្ឋកិច្ច។ វិស័យទាំងពីរ គឺដូចជាកូន​ភ្លោះជាប់គ្នាដែលមិនអាចបំបែកគ្នាបានទេ។

យោងតាមរដ្ឋមន្រ្តីរួបនេះបានឱ្យដឹងថា ហេតុដូច្នេះហើយ បានជាជំហានដំបូងរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ គឺត្រូវចំណាយ​ថវិកាចំនួន ៧៥ទ្រីលានរូព (៥ប៊ីលានដុល្លារអាម៉េរិក) ជាពិសេសសម្រាប់ការថែទាំសុខភាព។

កញ្ចប់ថវិកាជំនួយសំខាន់ៗដែលទទួលបានពីថវិការដ្ឋ កំពុងត្រូវបានប្រើប្រាស់ដើម្បីទិញសម្ភារៈវេជ្ជសាស្ត្រ និងកែលម្អនូវមន្ទីរ​ពេទ្យចំនួន ១៣២ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ។

រដ្ឋាភិបាលក៏បានសម្រេចផ្តល់ការលើកទឹកចិត្តចំនួន ១៥លានរូពដល់អ្នកជំនាញវេជ្ជសាស្ត្រ ១០លានរូពដល់ក្រុមគ្រូពេទ្យ និងពេទ្យធ្មេញ ៧,៥លានរូពដល់គិលានុបដ្ឋាយិកា ៥លានរូពដល់បុគ្គលិកពេទ្យផ្សេងទៀត និង ៣០០លានរូពក្នុងករណីមរណភាព របស់បុគ្គលិកពេទ្យ ។

ថវិកាសរុបចំនួន ៤០៥,១ទ្រីលានរូពត្រូវបានផ្តល់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)