ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យអធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់បើកទ្វារប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ត្រូវតែបើកទ្វារប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបង្កើនការការពារសន្ដិសុខសណ្ដាប់ធា្នប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីតាមការិយាល័យជំនាញ អធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ត្រូវ ត្រួតពិនិត្យកម្លាំងឲ្យបានជាប្រចាំ និងដាក់មន្ត្រីប្រចាំការជានិច្ច ដើម្បីចាំបើកទ្វារ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបង្កើនការការពារសន្ដិសុខសណ្ដាប់ធា្នប់ និងបង្កភាពងាយដល់ប្រជាពលរដ្ឋរាយការណ៍នៅពេលមានភាពអសន្ដិសុខណាមួយកើតឡើងនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការដាក់មន្ត្រីប្រចាំការជានិច្ចនេះ ដើម្បីចាត់វិធានការ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលាក្នុងការបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានសង្កត់ថា បើមានមន្ត្រីណាដែលបានបាញ់បោះសេរី ត្រូវតែចាប់ខ្លួនភ្លាមៗ ដើម្បីយកមកអនុវត្តច្បាប់ជាធរមាន កុំឱ្យមានការភិតភ័យដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ បទល្មើសជាច្រើនត្រូវបានបង្ក្រាប ហើយបទល្មើសមានការថយចុះច្រើន ជាពិសេសត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន និងល្អបំផុត៕