ប្រទេសថៃកំណត់អត្តសញ្ញាណកម្លាំងជំរុញចំនួន ៣ សម្រាប់ការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ — លោក Somkid Jatusripitak ឧបនាយករដ្ឋមន្រ្តីថៃបាននិយាយថា វិស័យកសិកម្ម ទេសចរណ៍ និងការចំណាយរបស់រដ្ឋ នឹងក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចថៃឡើងវិញនៅឆមាសទី ២ នៃឆ្នាំ ២០២០ នេះ។

លោកបាននិយាយបន្តថា ធនាគារកសិកម្ម និងកសិកម្មសហករណ៍ (BAAC) ដែលគ្រប់គ្រងដោយរដ្ឋ កំពុងអនុវត្តកម្មវិធីមួយ​ដើម្បីនាំបច្ចេកវិទ្យាក្នុងការជួយសហគមន៍មូលដ្ឋាន និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងវិស័យកសិកម្ម។

លោកបាននិយាយបន្ថែមថា ធនាគារ BAAC ចង់ជួយសហគមន៍មូលដ្ឋានចំនួន ១០០.០០០សហគមន៍ និងសហគ្រាសខ្នាត​តូច និងមធ្យមចំនួន ១០.០០០សហគ្រាសនៅទូទាំងប្រទេសជារៀងរាល់ឆ្នាំ។

លោក Somkid បាននិយាយថា រដ្ឋាភិបាលរំពឹងថា នឹងអនុញ្ញាតឱ្យមានទេសចរណ៍ក្នុងស្រុក នៅក្នុងខេត្ត ដែលមិនមានករណី​ជំងឺកូវីដ-១៩ នៅត្រឹមត្រីមាសទី៣ ដើម្បីជួយអាជីវកម្មដែលទាក់ទងនិងវិស័យទេសចរណ៍។

លោកបាននិយាយបន្ថែមថា ផែនការរបស់រដ្ឋាភិបាល គឺត្រូវចំណាយថវិកា ១ទ្រីលានបាត (ជាង ៣១ប៊ីលានដុល្លារអាម៉េរិក) ជាពិសេសថវិកាចំនួន ៤០០ប៊ីលានបាតសម្រាប់ការស្តារសេដ្ឋកិច្ច និងសង្គម តាមរយៈគម្រោងដែលមានគោលបំណងបង្កើតការងារ ពង្រឹងសហគមន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយវាក៏នឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ដែលនៅសេសសល់ផងដែរ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃនៅត្រីមាសទី ១ ឆ្នាំ ២០២០ បានធ្លាក់ចុះ ១,៨ភាគរយ បន្ទាប់ពីមានកំណើន ១,៥ភាគរយនៅក្នុងត្រីមាសទី ៤ កាលពីឆ្នាំមុន។ នេះ គឺជាការធ្លាក់ចុះដំបូងចាប់តាំងពីឆ្នាំ ២០១៤ មក។

លទ្ធផលគួរឱ្យភ្ញាក់ផ្អើលនេះបានជំរុញឱ្យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) កាត់បន្ថយការព្យាករណ៍​សេដ្ឋកិច្ចរបស់ខ្លួនឱ្យធ្លាក់ចុះពី ៥ ទៅ ៦ភាគរយនៅក្នុងឆ្នាំនេះ ពោល គឺធ្លាក់ចុះពីការព្យាករណ៍កំណើន ១,៥ ទៅ ២,៥ភាគរយ ដែលបានចេញផ្សាយកាលពីខែកុម្ភៈ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)