កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១ លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងែទី២៦ ខែឧសភា ឆ្នាំ២០២០៖

កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១ លានដុល្លារ ប្រចាំឆ្នាំ២០២០ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន១ លានដុល្លារ ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់កុមារ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់និងបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ដែលចង់ចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ចាប់តាំងពីមូលនិធិគន្ធបុប្ផាកម្ពុជា ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីមានផលប៉ះពាល់ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដូចជាថយចុះនៃទំហំបរិច្ចាគ ពីសំណាក់សប្បុរសជននានា ជាពិសេសផលប៉ះពាល់ដោយសារការធ្លាក់ចុះ នៃភ្ញៀវទេសចរណ៍អន្តរជាតិ នៅខេត្តសៀមរាបដែលធ្វើឲ្យការឧបត្ថម្ភប្រចាំត្រីមាស របស់គ្រឹះស្ថានអង្គរជូនមូលនិធិពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ មានការថយចុះ ។ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសតែតែងឧបត្ថម្ភថវិកាសំរាប់ជួយដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា សកម្មភាព សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាតែងតែបានចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការខ្វះខាតផ្នែកជីវភាពរស់នៅ ជាពិសេសក្នុងខណៈដែលជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាត ក្នុងនោះក៏បន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្រ្គោះជីវិតកុមារនៅកម្ពុជាផងដែរ ។ ជាងនេះទៅទៀត លោកជំទាវ បានផ្តាំផ្ញើសួរសុខទុកដល់លោកគ្រូ អ្នកគ្រូពេទ្យដែលបានកំពុងបំពេញបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនកុមារកម្ពុជា ដែលប្រកបដោយគុណភាពនិងក្រមសីលធម៌វិជ្ជាជីវៈ ៕