រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ទទួល​សៀវភៅ​ជា​ភាសា​អង់គ្លេស​មាន​ចំណងជើង​ថា “The Journey of Down to Earth Diplomat” ចំនួន​៨០​ច្បាប់ ពី ឯកឧត្តម ហោ ណាំ​បូរ៉ា​

AKP ភ្នំពេញ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០

(​ភ្នំពេញ​)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បានទទួល​សៀវភៅ​ជា​ភាសា​អង់គ្លេស​មាន​ចំណងជើង​ថា “The Journey of Down to Earth Diplomat” ចំនួន​៨០ ច្បាប់ ពី ឯកឧត្តម ហោ ណាំ​បូរ៉ា គឺជា​អ្នកការទូត​កម្ពុជា​ដែលមាន​បទពិសោធន៍​ម្នាក់ និង​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅក្រៅ​ប្រទេស​ដែល​បាន​សរសេរ​សៀវភៅ​រៀបរាប់​ពីបទ​ពិសោធន៍​ការងារ​ការទូត​ជាង​២៥ ឆ្នាំ​កន្លងមកនេះ​។ សៀវភៅ​នេះ អាច​រកមើល​បាន​នៅ​បណ្ណាគារ​ជាតិ និង​មាន​លក់​នៅ Monuments Books​។​

ក្នុងជំនួប​ពិភាក្សា​ការងារ និង​ការប្រគល់​សៀវភៅ​ជូន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន ឯកឧត្ដម ហោ ណាំ​បូរ៉ា បាន​បញ្ជាក់ថា សៀវភៅ​នេះ​ឯកឧត្ដម​បាន​សរសេរ​ចងក្រង​មក​អស់​រយៈពេល​ប្រមាណ ២ ឆ្នាំ ដោយបាន​រៀបរាប់​ពីបទ​ពិ​សោ​ន៍​ការងារ​ការទូត ដែល​ទទួលបាន​ក្នុង​រយៈពេល​កន្លងមក ក៏ដូចជា​ទាក់ទង​ទៅនឹង​ការងារ​អាស៊ាន ដោយ​បង្ហាញ​ពី​លទ្ធផល ដែល​កម្ពុជា សម្រេចបាន​កន្លងមក​។ ឯកឧត្ដម​បាន​បន្ដថា ក្នុង​សៀវភៅ​នេះ ក៏មាន​ការសរសេរ​រៀបរាប់​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រៅពីនេះ​ក៏បាន​សរសេរ​ទាក់ទង​ទៅនឹង​ប្រទេស ឥណ្ឌូណេស៊ី ដែល​ឯកឧត្ដម ធ្លាប់ធ្វើ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីនោះ​។ ឯកឧត្ដម​បានលើកឡើង​ថា វិស័យ​ការងារ​ការទូត អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ បានក្លាយ​ទៅជា​សិល្បៈ ក្នុង​ការរួម​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​ទូទៅ ការទាក់ទាញ​អ្នកវិនិយោគទុន សិល្បៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​ម្ចាស់ផ្ទះ​។ ឯកឧត្ដម​ក៏បាន​បន្ថែមថា សៀវភៅ​នេះ ក៏​នឹងធ្វើ​ការបកប្រែ​ជា​ភាសា​ខ្មែរ ដើម្បីឱ្យ​អ្នកជំនាន់ក្រោយ​ទទួលបាន​បទពិសោធន៍​ទាក់ទង​ការងារ​ការទូត​។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​កោតសរសើរ​ពី​លទ្ធផល​ការងារ​ដ៏​ល្អ​របស់ ឯកឧត្ដម ហោ ណាំ​បូរ៉ា ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​បាន​ចងក្រង​ជា​សៀវភៅ ដ៏​មាន​សារៈ​ប្រ​យោ​ជ​ន៏​សម្រាប់​ឱ្យ​និស្សិត និង​មន្ត្រីការទូត​ជំនាន់​ក្រោយ ដកស្រង់​បទពិសោធន៍ ដើម្បី​បំពេញ​កិច្ចការងារ​បានល្អ​។​
​សូមបញ្ជាក់​ផងដែរ​ថា ឯកឧត្តម ហោ ណាំ​បូរ៉ា បានបញ្ចប់​បេសកកម្ម​ការងារ​ការទូត នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​បច្ចុប្បន្ន​ឯកឧត្ដម​ត្រូវ​ចូលនិវត្តន៍​។ ឯកឧត្តម ហោ ណាំ​បូរ៉ា ជា​កូនប្រុស​បង្កើត​របស់​ឯក​ឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ មុននឹង​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស ឥណ្ឌូ​ណូ​ស៊ី ឯកឧត្តម ហោ ណាំ​បូរ៉ា ជា​អតីត​ឯក​អគ្គរាជ​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស ប្រទេស​ដា​ណឺ​ម៉ាក អៀរ​ឡង់ ហ្វាំ​ង​ឡង់ ន័​រវេ​ស ស៊ុយអែត និង​ប្រទេស​អេ​ត្យូ​ពី​។​

​ឯកឧត្តម ហោ ណាំ​បូរ៉ា បានបញ្ជាក់​ផងដែរ​ថា ក្នុងពេលដែល​ធ្វើជា​ឯកអគ្គរាជទូត​នៅក្រៅ​ប្រទេស គឺ ឯកឧត្ដម បានទទួល​ព័ត៌មាន​ជាច្រើន​ពី​ក្រសួង​ព័ត៌មាន ក្នុងនោះ​ក៏​ទទួលបាន​ពី​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP៕ (​ដោយ​៖ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា​)