អភិបាលខេត្ដ​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​សួន​កម្សាន្ត នៅ​ឆ្នេរ​អូរត្រេះ​២

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០-

(​ព្រះសីហនុ​)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​សួន​កម្សាន្ត​ឆ្នេរ​អូរត្រេះ​២ ដោយមាន​ការចូលរួម​ពី​ពី​លោក​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន មេ​នេ​ច​មេន នៅ​សាលាខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ចន្ទ ៤​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២០​។

​​លោក ម៉ាត់ លី អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អូ​ត្រេះ មេ​នេ​ច​មេន បានធ្វើ​បទ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឃន៍​តំបន់ឆ្នេរ​អូរត្រេះ​២ ដែលមាន​ប្រវែង ១,៧៤៦​ម៉ែត្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ បង្កើន​សោភ័ណភាព​ទាក់ទាញ​ទេសចរណ៍​ឆ្នេរ​សាធារណ​: ការពារ​បរិស្ថាន​ល្អ សណ្តាប់ធ្នាប់ អនាម័យ និង​ជួយ​លើកកម្ពស់​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ឱ្យមាន​វិសាលភាព​។ លោក​បាន​បន្ដថា ការរៀប​ចំនេះ ១.​ក្រាល​ការ៉ូឡា​កន្លែង​ចត​រថយន្ត ២.​រៀបចំ​កែលម្អ​សួនច្បារ និង​ដាំ​ដើមឈើ​ឡើងវិញ ៣.​ក្រាល​ការ៉ូឡា​សម្រាប់​ផ្លូវ​ថ្មើ​ជើង ៤.​ដំឡើង បង់​អង្គុយលេង ៥.​សាងសង់​បន្ទប់ទឹក​ថ្មី ៦.​រៀបចំ​កន្លែង​លេង​កីឡា​នៅលើ​ឆ្នេរ​ខ្សាច់ ៧.​រៀបចំ​កន្លែង​ហាត់ប្រាណ​បែប​ធម្មជាតិ ៨.​រៀបចំ​សួន​កុមារ និង​ទី​៩ .​ឡាន​ម្ហូប​ចល័ត​ដែលមាន​ស្តង់ដារ​អន្តរជាតិ ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​បន្ត​សិក្សា​ឆ្នេរសមុទ្រ នៃ​ខេត្ត​ព្រះសីហនុ ចាប់ពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ រហូតដល់​ចុង​ឆ្នេរ​ជំទាវ​ម៉ៅ ដែលមាន​ប្រវែង ១៥​គីឡូម៉ែត្រ ដើម្បី​កែលម្អ​ឆ្នេរសមុទ្រ​របស់​យើង ជា​ឆ្នេរ​លំហរ​សាធារណ​: កាលណា​យើង​បាត់ បង់​ឆ្នេរ យើង​បាត់បង់​ភ្ញៀវទេសចរ​។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ការសិក្សា​ឆ្នេរសមុទ្រ​តាម​គំរូ​ប្លង់​រៀបរយ​ដោយ​សិក្សា​ប្លង់​មេ​ឱ្យបាន​ធំ​ទូលាយ ដោយ​រៀបចំ​ឆ្នេរ​ថ្ម ឆ្នេរ​ខ្សាច់ ពិសេស​ទៀត​រៀបចំ​ឱ្យមាន​សត្វ​លម្អ​តាម​តំបន់ឆ្នេរ មានដូចជា សត្វ​ក្រ​ងោក សត្វ​កំ​ប្រ៉ុ​ក ឬ​សត្វ​ផ្សេងៗ​ទៀត ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ ព្រោះ​ការ​មក​កម្សាន្ត​នៅតាម​តំបន់ឆ្នេរ យើង​ក៏មាន​សត្វ​កម្សាន្ត​វា​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​។

​ឯកឧត្ដម​អភិបាលខេត្ដ​បាន​បន្ដថា ឆ្នេរសមុទ្រ​របស់​យើង មិន​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​ដាក់​តុ ឬ​កន្ទេល​នៅលើ​ឆ្នេរ​ខ្សាច់ យកលុយ​នោះទេ ទុក​ឆ្នេរសមុទ្រ​របស់​យើង​ជា​ឆ្នេរ​លំហ​សាធារណ​: សម្រាប់​យើងទាំងអស់គ្នា ក៏ប៉ុន្តែ​យើង​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ សោភ័ណភាព​ឆ្នេរ​ទាំងអស់គ្នា ត្រូវ​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង ធុង ដែល​រដ្ឋបាល​ក្រុង ខេត្ត រៀបចំ​នៅតាម​តំបន់ឆ្នេរ​៕ (​ដោយ​៖ ងូ សុ​មុនី​)