រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះអាជ្ញាធរបានរៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន ៥ទីតាំងហើយ ដើម្បីឲ្យភ្ញៀវទេសចរចូលកម្សាន្ដដោយសេរី

វិទ្យុជាតិកម្ពុជា ៖ លោកយី វិច្ឆិកា
MC៖រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន ៥ទីតាំងហើយ ដើម្បីឲ្យភ្ញៀវទេសចរចូលកម្សាន្ដដោយសេរី ខណៈដែលពីមុនតំបន់ទាំងនោះត្រូវបានប្រជាពលរដ្ឋសាងសង់តូបផ្ទាល់ខ្លួន ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា អាជ្ញាធរបាន រៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេរ បានចំនួន៥ ទីតាំង ក្នុងនោះមានឆ្នេរអូរឈើទាលមួយ អូរឈើទាលពីរ អូរត្រេះមួយ អូរត្រេះពីរ និងឆ្នេរថ្មីមួយទៀតឈ្មោះឆ្នេរជំទាវម៉ៅ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ដដោយសេរី ។
លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរកំពុង រៀបចំ កែលម្អ សោភ័ណភាពឆ្នេរ មួយចំនួនទៀតដូចជាឆ្នេរលំហែកាយជាដើម ដើម្បីឲ្យភ្ញៀវទេសចរ មានជម្រើសច្រើនក្នុងការមកលេងទឹកសមុទ្រដ៏ខៀវស្រងាត់ ខ្សាច់ដ៏សស្អាត និងមានអនាម័យបរិស្ថានល្អ ។
សំឡេង« ក្រោមការដឹកនាំចង្អុលបង្ហាញពី គណៈកម្មធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ថាគ.អ.ឆ.ក រដ្ឋបាលខេត្តដែលមានតួនាទីជាអាជ្ញាធរ ដែលយើងបានធ្វើការរៀបចំសណ្តាប់ធ្នាប់និងកែលំអឆ្នេរខ្សាច់បើគិតទល់ពេលនេះ យើងមានឆ្នេរអូរឈើទាលមួយ អូរឈើទាលពីរ អូរត្រេះមួយ អូរត្រេះពីរ និងឆ្នេរថ្មីមួយទៀតដែលយើងកំពុងតែធ្វើការៀបចំនេះដែលគេហៅថាជាឆ្នេរជំទាវម៉ៅ យើងរាប់ទៅមាន៥ឆ្នេរ ហើយនិងបន្តទៅឆ្នេរផ្សេងៗទៀតដូចជាឆ្នេរលំហែកាយ កន្លងមករដ្ឋបាលខេត្តបាន ធ្វើសេចក្តីជូនដំណឹងទៅ បងប្អូនប្រជាពលរដ្ឋដែលបោះតង់ ធ្វើតូបលក់ដូរអីហ្នឹងឲ្យលោកធ្វើការរុះរើដើម្បីសំអាតដូចគ្នា »។
លោក ឃាង ភិរម្យ អំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវចូលរួមអនាម័យបរិស្ថានទំាងអស់គ្នា គឺត្រូវចេះទុកដាក់ វេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបរិភាគហើយបោះចោលពាសវាលពាសកាល ៕