ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវបន្តផ្សព្វផ្សាយ អោយ បានទូលំទូលាយទាក់ទង និងការប្រកបមុខរបស់រកស៊ីប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ

=វិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី ប៉ុង សុភាវី
MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវបន្តផ្សព្វផ្សាយ អោយបានទូលំទូលាយទាក់ទងនិងការប្រកបមុខរបស់រកស៊ីប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ ជាពិសេសទាក់ទងវិស័យឧស្សាហ៍កម្ម ដែលត្រូវបានបង្វែរមក វិស័យកសិកម្ម វិញដោយសារសកលលោកជួបវិបត្តិជំងឺកូវីដ-១៩ ។
ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ខែ ឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានការជំរុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិត្រូវបន្តផ្សព្វផ្សាយអោយបានទូលំទូលាយអំពីការប្រកបមុខរបស់រកស៊ីប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋនេះ ដើម្បីលើកទឹកចិត្តអោយប្រជាពលរដ្ឋពង្រីកការដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វផ្សេងៗទៀតដែលជួយលើកកម្ពស់ជីវភាពបើទោះបីជួបវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក៏ត្រូវផ្សាយពីសក្តានុពលនៃវិស័យ ទេសចរណ៍ ដែលកំពុងមានការងើបឡើងវិញខ្លះៗ ហើយពិនិត្យឃើញថា មានប្រជាពលរដ្ឋ ក្នុងស្រុកបានទៅដើរលេងកំសាន្ត នៅតាមតំបន់រម្មណីដ្ឋានទេសចរណ៍ តាមបណ្តាខេត្ត មានចំនួនគួរអោយកត់សំគាល់។ តែទោះជាយ៉ាងណាក៏ត្រូវផ្សព្វផ្សាយពីវិធានការ ការពារកុំ អោយមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះមិនបាត់ទៅវិញនោះទេ។
ក្នុងឱកាសនេះ ឯកឧត្តម បានសំដែងនូវការគាំទ្រចំពោះគម្រោងបង្កើតអោយមាន កម្មវិធីកីឡាប្រដាល់នៅផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ហើយជាមួយនេះ ឯកឧត្តម ក៏ជំរុញលើកទឹកចិត្តអោយថ្នាក់ដឹកនាំ មន្រ្តី បណ្តាអគ្គនាយកដ្ឋាននានា ក្រោមវាទក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង អោយរឹងមាំ ក៏ដូចកិច្ចសហការជាមួយអង្គភាព ស្ថាប័នដ៏ទៃទៀតបានល្អ ដើម្បីបន្តបំពេញនូវរាល់កិច្ច ការងារអោយសម្រេចទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត៕