ក្រុមអ្នកធ្វើការលើផ្នែកសុខភាពបានបង្ហាញថា សិស្សសាលាប្រឈមនឹងការឆ្លងកូវីដ១៩និងជំងឺផ្សេងៗដោយសារការជក់បារីអេឡិចត្រូនិក

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្រុមអ្នកធ្វើការលើផ្នែកសុខភាពបានបង្ហាញថា សិស្សសាលាប្រឈមនឹងការឆ្លងកូវីដ១៩ និងជំងឺផ្សេងៗដោយសារការជក់បារីអេឡិចត្រូនិក ខណៈពួកគេជាទូទៅតែងតែប្រើប្រាសបារីអេឡិកត្រូនិចជាក្រុម។

សិស្ស ឈ្មោះ មាន ប៊ុនឡុង បាននិយាយថា៖ “មិត្តភ័ក្ររបស់គាត់​បានចូលលុយគ្នាដើម្បីទិញ ម៉ាស៊ីនផ្ដាច់បារី (Vape) យកមកជក់រួមគ្នាដោយសារតែ ឧបករណ៍នេះមានតម្លៃថ្លៃ”។ ដូចគ្នាទៅនឹងការបញ្ជាក់របស់យុវជន មាន ប៊ុនឡុង ដែរ យើងឃើញមានសិស្សសាលាមួយក្រុមបានកំពុងជក់ Vape ជុំគ្នានៅក្នុងសាលារៀនមួយ តាមរយៈវីដេអូខ្លីមួយបង្ហោះនៅក្នុងបណ្ដាញសង្គម យូធូប ។

លោកវេជ្ជបណ្ឌិតមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាមានប្រសាសន៍ថា ការប្រើប្រាស់ឧបករណ៍ជក់ រួមគ្នា ប្រឈមខ្លាំងនឹងការឆ្លងកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន ព្រមទាំងអាចលើទឹកចិត្ត និងងាយជំរុញអោយពួកគេឈានទៅប្រើគ្រឿងញៀនផ្សេងៗទៀត។

ក្រោមហេតុផលនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែរឹតបន្តឹងវិធានការហាមឃាត់ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិកអោយបានហ្មត់ចង់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ និងជំងឺផ្សេងៗ ជាពិសេសក្នុងចំណោមសិស្សសាលាវ័យក្មេង។

តាមការបញ្ជាក់របស់ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ការប្រើប្រាស់ បារីអេឡិចត្រូនិក (Vape) បង្កអោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត ដូចបារីធម្មតាដែរ។ គិតត្រឹមពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ ជំងឺសួតទាក់ទង់នឹងការប្រើបារីអេឡិចត្រូនិកនៅសហរដ្ឋអាមេរិច មានប្រមាណ  ២៨០០ ករណី ក្នុងនោះករណីស្លាប់បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក មាន  ៦៨ករណី។

បារីអេឡិចត្រូនិក និង Sisha ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀណ ហាមឃាត់មិនអោយមានការលក់ និងមិនអោយមានការប្រើប្រាស់ឡើយ។ ទោះជាមានការហាមឃាត់បែបនេះក្តី យើងនៅតែឃើញមានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកនៅលើបណ្ដាញសង្គមជាច្រើនដោយប្រើឈ្មោះថាម៉ាស៊ីនផ្ដាច់បារី៕