កសិករស្នើឲ្យក្រសួងកសិកម្មជួយគាំទ្រលើការងារចងក្រងក្រុមកសិករឬសហគមន៍អ្នកដាំបន្លែ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៥.០៥.២០២០៖

ប្រជាកសិករស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយណែនាំពីរបៀបនិតិវិធីចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែដើម្បីងាយស្រួលរកទីផ្សារនិងទទួលបានតំលៃខ្ពស់។

លោក ខ្លឹម ជាប្រជាពលរដ្ឋម្នាក់មកពីខេត្តត្បូងឃ្មុំបានលើកឡើងជាសុំណូមពរក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា ចូលដល់រដូវវស្សាគ្រប់ក្រុមគ្រួសារទាំងអស់បាននាំគ្នាដាំបន្លែបង្ការរួមផ្សំជាលក្ខណៈគ្រួសារស្ទើរពេញភូមិតែមិនអាចផ្គត់ផ្គង់ទីផ្សារបាននោះទេ។លោកបានបន្តប្រជាពលរដ្ឋចង់ដាំដំណាំជាលក្ខណៈទ្រង់ទ្រាយធំ នាំចេញទៅទីផ្សារ ប៉ុន្តែពួកគាត់គ្មានបច្ចេកទេសគ្រប់គ្រាន់ និងខ្វះទីផ្សារ។
«មានវិធានការយ៉ាងណាចាត់ចែងឲ្យមន្ត្រីមកពិនិត្យប្រជាពលរដ្ឋផ្ទាល់ក៏ជួយទិញទំនិញកសិផល ពីប្រជាពលរដ្ឋដើម្បីស្តារឡើងវិញដល់ជីវភាពរបស់ប្រជាកសិករ ។ខាងខ្ញុំផ្ទាល់ចង់បានខាងក្រសួងកសិកម្មមេត្តាធ្វើមិចឲ្យចុះមកពន្យល់យ៉ាងមិចជាបន្តបន្ទាប់ដំណាំដាំដុះដូចជា ដំឡូង ពោត សណ្តែតជាដើម..។ បើដំណាំពោតឆ្នាំទៅដាំបានច្រើនតែដល់ពេលលក់មិនដឹងលក់ទៅខាងណាឃើញយើងគ្មានអ្នកទិញចឹងឈ្មួញឲ្យតម្លៃថោក ចឹងធ្វើឲ្យប្រជាពលរដ្ឋមិនទៅកាច់ទុកចោលតែម្តង»។
លោកបណ្ឌិត សោម លន់ អនុប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថាក្រសួងកសិកម្ម បានឲ្យមន្ត្រីពាក់ព័ន្ធចុះណែនាំដល់ប្រជាកសិករចងក្រងជាបណ្តុំៗ ដើម្បីងាយស្រួលក្នុងការបង្កើនការដាំដុះដំណាំបន្លែ ដើម្បីបំពេញតម្រូវការសំរាប់គ្រួសារផង និងក្នុងខេត្តផង ជាពិសេសងាយស្រួលរកទីផ្សារ និងទទួលបានតំលៃខ្ពស់។លោកបញ្ជាក់ថានៅទូទាំងខេត្តការចងក្រងជាបណ្តុំ មានចំនួន២៤បណ្តុំហើយដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាកសិករដាំដុះបន្លែបានហើយ មិនប្រារម្ភពីការខ្វះទីផ្សារ។
សំឡេង៖«ចំពោះអគ្គនាយកដ្ឋានកសិកម្មមានការចងក្រងកសិករគ្រប់ខេត្តទាំងអស់ដើម្បីឲ្យគាត់ចូលរួមនៅក្នុងក្រុមផលិតរបស់គាត់ កាលណាបើមានក្រុមផលិតឬជាសហគមន៍កសិកម្មហើយគាត់ងាយស្រួលទំនាក់ទំនងទីផ្សារគាត់បានជាបញ្ហាសំខាន់គឺជាចងក្រងជាក្រុមសហគមន៍ផលិត ការទំនាក់ទំនងនេះតាមរយៈមន្ទីរកសិកម្មក៏ពួកគាត់មានការគ្រប់គ្រងទៅដល់សហគមន៍ដែរ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីរក្សាសន្តិសុខស្បៀងក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19 ដូចជាការជ្រើសរើសទីតាំងដែលមានសក្តានុពលដាំបន្លែនិងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់អនុវត្តផលិតកម្មបានពេញមួយឆ្នាំ និងជ្រើសរើសសហគមន៍ដែលមានសក្កានុពលនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតដំណាំបន្លែក្នុងទ្រង់ទ្រាយធំផងដែរ ៕