ក្រសួងប្រៃសណីយ៍ ជំរុញឱ្យក្រុមហ៊ុនទូរសព្ទចល័តប្រើប្រាស់លេខកូដរួមដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលផ្តាច់ប្រព័ន្ធកាត់លុយស្វ័យប្រវត្តិ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២០ បានជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា ហៅកាត់ថាTRC សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួច ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ដោយខ្លួនឯង ហើយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។

ការជំរុញឱ្យអនុវត្តការប្រើប្រាស់លេខកូដរួមនេះ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនបានត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន។

ក្រសួងក៏ស្នើឱ្យពលរដ្ឋយល់ដឹងអំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ដូចជាការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត សេវាហោរាសាស្ដ្រ សេវាស្ដាប់ ចម្រៀង លទ្ធផលព័ត៌មានកីឡាសេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន និងសេវាហៅចេញដោយ មិនបញ្ចេញលេខ ជាដើម។ អតិថិជនមុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយគប្បីមានការប្រុងប្រយ័ត្ននិងពិនិត្យឱ្យបានច្បាស់លាស់៕