ប្រធានាធិបតីអ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការបង្កើតកំហុសឆ្គង ដែលបង្កបញ្ហាដល់វេណេហ្ស៊ុយអេឡា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ — បើទោះបីជាសហរដ្ឋអាមេរិកមិនបានប្រកាសជាផ្លូវការនូវចេតនាណាមួយដើម្បីធ្វើសកម្មភាព​ប្រឆាំងនឹងនាវាដឹកប្រេងក៏ដោយ ក៏ទីក្រុងតេអេរ៉ង់បានកោះហៅប្រេសិតរបស់ប្រទេសស្វីសដែលជាអ្នកតំណាងឱ្យផលប្រយោជន៍របស់​ទីក្រុងវ៉ាស៊ីនតោន ឱ្យធ្វើការតវ៉ាប្រឆាំងនឹងសកម្មភាពដែលបានគ្រោងទុក។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយថា សហរដ្ឋអាមេរិកអាចប្រឈមនឹងការសងសឹកប្រសិនបើខ្លួន​ព្យាយាមបង្ក «បញ្ហា» ចំពោះកងនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៥គ្រឿងដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវ៉េណេហ្ស៊ុយអេឡា។

លោក Rouhani បាននិយាយថា «ប្រសិនបើនាវាដឹកប្រេងរបស់យើងនៅសមុទ្រការ៉ាបៀន ឬនៅកន្លែងណាផ្សេងទៀតនៅលើ​ពិភពលោកប្រឈមនឹងបញ្ហា ដែលបង្កឡើងដោយជនជាតិអាម៉េរិក នោះសហរដ្ឋអាមេរិកក៏នឹងមានបញ្ហាដែរ»។

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ីរ៉ង់បានធានាថា ទីក្រុងតេអេរ៉ង់មិនចាប់អារម្មណ៍ក្នុងការផ្តួចផ្តើមជម្លោះជាមួយទីក្រុង​វ៉ាស៊ីនតោនទេ ហើយបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យមានកំហុសណាមួយដែលជាហេតុបង្ខំឱ្យអ៊ីរ៉ង់ធ្វើការឆ្លើយ​តបទេ។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងចំពេលមានរបាយការណ៍ដែលមិនបានបញ្ជាក់ថា សេតវិមានកំពុងពិចារណាទៅលើជម្រើស​ដើម្បីបញ្ឈប់នាវាដឹកប្រេងទាំង ៥គ្រឿងមិនឱ្យទៅដល់កំពង់ផែប្រទេស វេណេហ្ស៊ុយអេឡា។ ថ្មីៗនេះសហរដ្ឋអាមេរិកបានបង្កើនវត្តមាន​យោធារបស់ខ្លួននៅក្នុងតំបន់ការីបៀន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានបញ្ជាក់ថា រហូតមកដល់​ពេលនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិកមិនបានទទួលការណែនាំណាមួយទាក់ទងនឹងនាវាដឹកប្រេងអ៊ីរ៉ង់ទាំង ៥គ្រឿងនោះទេ។

តាមការរាយការណ៍បានឱ្យដឹងថា នាវាទាំងនោះបានដឹកប្រេងប្រមាណ ១,៥៣លានបារ៉ែល ដែលជាសមាសធាតុចាំបាច់​សម្រាប់ផលិតឥន្ធនៈថ្នាក់ខ្ពស់ទៅកាន់ប្រទេសនៅតំបន់អាម៉េរិកឡាទីន មួយនេះ។ បច្ចុប្បន្ននេះ នៅក្នុងវិស័យប្រេងទាំងប្រទេសអ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា កំពុងរងគ្រោះដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)