វៀតណាម និងសហរដ្ឋអាមេរិកបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានជួបពិភាក្សាតាម​ទូរស័ព្ទជាមួយសមាជិកសភាសហរដ្ឋអាមេរិក លោក Ami Bera ប្រធានអនុគណៈកម្មាធិការកិច្ចការសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក​នៃគណៈកម្មាធិការទទួល​បន្ទុកកិច្ចការបរទេស អំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

នៅក្នុងកិច្ចចរចានោះ ភាគីទាំងពីរមានភាពរីករាយចំពោះការវិវឌ្ឍដ៏ខ្លាំងក្លានៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង សហរដ្ឋអាមេរិក ព្រមទាំងសម្តែងក្តីសង្ឃឹមថា ពិធីអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនឹងក្លាយជា​ព្រឹត្តិការណ៍សំខាន់ថ្មី និងការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោក Ngoc បានថ្លែងអំណរគុណដល់រដ្ឋបាល និងសភាសហរដ្ឋអាមេរិកដែលបានគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង​រោគរាតត្បាត ដោយលោកបាននិយាយថា សកម្មភាពសហប្រតិបត្តិការវេជ្ជសាស្រ្តនាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងអំពីស្មារតីនៃភាព​ជាដៃគូ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងពេលដ៏លំបាកបំផុត។

លោក ​Bera ដែលបានធ្វើការផ្នែកថែទាំសុខភាពអស់រយៈពេលជាងពីរទសវត្សរ៍មុនពេលក្លាយជាសមាជិកសភារូបនេះ បានកោតសរសើរ និងអបអរសាទរដល់រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលទប់ទល់ជំងឺនេះបានយ៉ាងល្អ។

លោកបាននិយាយថា លោកចង់ទៅធ្វើទស្សនកិច្ចនៅប្រទេសមួយចំនួននៅក្នុងតំបន់ រួមទាំងប្រទេសវៀតណាមផងដែរ បន្ទាប់ពីជំងឺរាតត្បាតត្រូវបានស្ថិតក្រោមការគ្រប់គ្រង។

លោក Bera បាននិយាយថា អាទិភាពមួយនៃអនុគណៈកម្មាធិការ និងសមាជិកសភា គឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ដែលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ព្រមទាំងសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)