ប្រជាពលរដ្ឋនៅភូមិវើនសៀនឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងស្នើ សុំឱ្យអាជ្ញាធរពាក់ព័ន្ធអភិវឌ្ឍន៍តំបន់ធម្មជាតិល្អាងភ្នំប្រាក់

វិទ្យុជាតិកម្ពុជា៖ គឹមហឿន

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅភូមិវើនសៀនសុំឱ្យអាជ្ញាធរពាក់ព័ន្ធអភិវឌ្ឍន៍តំបន់ធម្មជាតិល្អាងភ្នំប្រាក់ ដែលមានទីតាំងនៅក្នុងទឹកដីឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ថ្មីមួយទៀត។

កាលពីថ្ងៃទី២៤ឧសភាលោកសនរ៉ែន ប្រជាពលរដ្ឋនៅ ភូមិ វ៉ើនសៀនឃុំអូរស្វាយ បានលើកឡើងថា កន្លងមក សហគមន៍ទេសចរណ៍នៅឃុំនេះបានទទូចសុំទៅអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើការអភិវឌ្ឃតំបន់ធម្មជាតិមួយនេះ។

លោកអះអាងថា៖ បើមានគណៈកម្មការដឹកនាំរៀបចំបង្កើតតំបន់អេកូទេសចរណ៍ ល្អាងភ្នំប្រាក់នេះ ប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាគាំទ្រទាំងស្រុង ដោយសាពួកគាត់ចង់ឲ្យមានតំបន់អេកូទេសចរណ៏នៅក្នុងភូមិដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ផ្នែកជីវភាពរស់នៅឈប់ពឹងផ្អែកទៅលើផលអនុផលព្រៃឈើការធ្វើចំណាក់ស្រុកងាក​មកលក់​ដូរយកប្រាក់ចំណូលដោះស្រាយជីវភាពពីវិស័យទេសចរណ៍នេះវិញ។

លោកអ៊ុនប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៏ថាកាលពីដើមឆ្នាំ២០១៧  មន្ទីរបានចុះមកសិក្សាតំបន់ធម្មជាតិល្លាងភ្នំប្រាក់នេះ ដើម្បីរៀបចំឲ្យមានសេវាកម្មទេសចរណ៍ម្តងរួចមកហើយ តែយើងកំពុងអំពាវនាវរកដែគូរមកអភិវឌ្ឍ។

លោកប្រធានមន្ទីរសន្យាថាធនធានធម្មជាតិមួយនេះមន្ទីរបានដាក់បញ្ចូលទៅក្នុងផែនការ អភិវឌ្ឍន៍​​សំរាប់ឆ្នាំ២០១៩-២០២៣រួចហើយ និងអំពាវនាវរកដៃគូមករៀបចំឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៏ពីព្រោះវាមានសក្តានុពលស្រាប់ ។

 

លោក យ៉េន ម៉ី ប្រធានសហគមន៍ អេកូទេសចរណ៍ឃុំអូរស្វាយ បានទទួលស្គាល់ថាៈ ទេសភាពដ៏ល្អប្រណិតនេះ ពិតជាកើតឡើងពីធម្មជាតិពិតៗ តែតំបន់នេះនៅមិនទាន់មានផ្លូវចូលមកត្រឹមត្រូវ នឹងនៅមិនទាន់មានការរៀបចំនៅឡើយដោយសាវាជាកន្លែងតំបន់ទេសចរណ៍ថ្មី ។

លោកបន្ថែមថាៈ សហគមន៍អេកូទេសចរណ៍អូរស្វាយ សាទរជាមួយនឹងផែនការរបស់មន្ទីរទេសចរណ៍ នឹងប្តេជ្ញាចូលរួមរៀបចំនៅតំបន់អេកូទេសចរណ៍នីមួយៗឲ្យបានទៅតាមស្តង់ដា ។

សូមបញ្ជាក់ថា៖ ល្អាងភ្នំប្រាក់នេះស្ថិតនៅក្នុង ភូមិ វ៉ើនសៀន ឃុំ ស្រុកអូស្វាយសែនជ័យនៅប៉ែកខាងត្បូងមានចំងាយពីឃុំអូស្វាយប្រមាណជាង១០គីឡួម៉ែត្រដែលត្រូវធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោកប្រមាណ ៤គីឡូម៉ែត្រប៉ុណ្ណោះ៕