ក្រុមវេជ្ជសាស្ត្រយោធាចិនបញ្ចប់បេសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព តែអ្នកវេជ្ជសាស្ត្រយោធាចិន១ក្រុមទៀតនឹងមកដល់ ឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
MC៖ ក្រុមវេជ្ជសាស្ត្រយោធាចិនបញ្ចប់បេសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព តែអ្នកវេជ្ជសាស្ត្រយោធាចិន១ក្រុមទៀតនឹងមកដល់ ឆាប់ៗនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី២២ ឧសភា ២០២០បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់មេដាយនិងថ្លែងអំណរគុណដល់ក្រុមវេជ្ជសាស្ត្រយោធាចិនដែលបានបញ្ចប់បេសកកម្មចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជាដោយកម្មវិធីនេះបានប្រព្រឹត្តិទៅនាទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។
សម្តេច ទៀ បាញ់ សូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មរយៈពេលជាង២ខែមកនេះ របស់ក្រុមវេជ្ជសាស្ត្រយោធាចិនទាំងនេះ ដែលបានឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។ សម្តេចមានចិត្តត្រេកអរជាខ្លាំង ហើយក៏សូមអរគុណយ៉ាងខ្លាំងដល់ក្រុមវេជ្ជសាស្ត្រយោធាចិនដែលបានជួយចែករំលែកបទពិសោធន៍ជូនដល់ភាគីកម្ពុជាទាន់ពេលវេលាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងក្នុងការគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ។
សម្តេច ទៀ បាញ់ ចាត់ទុកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រវាងប្រទេសទាំងពីរ គឺជាសកម្មភាពជាប្រវត្ថិសាស្ត្រមួយ ដោយសម្តេចបានរម្លឹកពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅទីក្រុងប៉េកាំង ពេលមានការរាតត្បាតជំងឺកូវីដ១៩ ហើយមិត្តចិនបានបញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រ មានទាំងស៊ីវិលនិងយោធាមកជួយកម្ពុជា ព្រមទាំងការធ្វើលំហាត់នាគមាស ឆ្នាំ២០២០រួមគ្នា រវាងប្រទេសទាំងពីរ ដោយពុំមានបញ្ហាឆ្លងជំងឺដល់កងទ័ព ជាដើម។
ឯកឧត្តម វ៉ាង វិនធៀន បានមានប្រសាសន៍ដែរថា នាថ្ងៃទី២ មិថុនា ឆ្នាំ២០២០ខាងមុខនេះ ក្រុមវេជ្ជសាស្ត្រយោធាចិនមួយក្រុមទៀត នឹងត្រូវបញ្ជូនមកកម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕