អគ្គលេខាធិការក្រុមប្រឹក្សាជាតិដើម្បីកុមារណែនាំឲ្យអាណាព្យបាលបង្កើនការវិនិយោគផ្នែកអប់រំលើកុមារ

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី
MC ៖ អគ្គលេខាធិការក្រុមប្រឹក្សាជាតិដើម្បីកុមារណែនាំឲ្យអាណាព្យបាលបង្កើនការវិនិយោគផ្នែកអប់រំលើកុមារ ដើម្បីឲ្យកុមារក្លាយជាជាធនធានដ៏សំខាន់និងប្រកបដោយសក្តានុពលដែលជួយឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើងជាបន្តបន្ទាប់ ។

ឯកឧត្តម អ៊ុ សុផាន់ណារ៉ា អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាជាតិដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគ្រួសាររបស់កុមារទូទាំងពិភពលោក ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍកុមារ (ការវិនិយោគកុមារ) ដោយការវិនិយោគទៅលើការអប់រំ សេវាទាក់ទងទឹកស្អាត អនាម័យ ការការពារកុមារ ក៏ដូចជាសុខុមាលភាព អាហារូបត្ថម្ភកុមារ ជាដើម ។
ឯកឧត្តម បានបន្តថា ការវិនិយោគកុមារគឺមានទំនាក់ទំនង ក្នុងការជំរុញឲ្យមានការកើនឡើងនូវកំណើនសេដ្ឋកិច្ចជាតិ បើសិនរាជរដ្ឋាភិបាលកម្ពុជាកសាងធនធានកុមារៗ ឲ្យបានសុខភាពល្អ រឹងមាំ មានចំណេះជំនាញច្បាស់លាស់ ដូច្នេះទៅថ្ងៃអនាគតនឹងមានធនធានមនុស្សល្អៗ ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម បានបន្តទៀតថា គ្រប់ជំនាញទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ ដែលបានចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការរកប្រាក់ចំណូល ហើយប្រាក់ចំណូលទាំងនោះ ជួយបង្កើនជីវភាពគ្រួសារ និងចូលរួមចំណែកទៅលើការវិនិយោគផ្សេងៗទៀត ដើម្បីបង្កើនចំណូលចូលប្រទេសជាតិនាពេលអនាគតផងដែរ ។បន្ថែមពីនេះទៀតអាណាព្យាបាលត្រូវបន្តបង្កើនការអប់រំកូនៗ របស់ខ្លួនឲ្យទទួលបានការអប់រំគ្រប់កម្រិត ដែលធានាឲ្យកុមារមានអនាគតល្អ ហើយក្លាយជាធនធាន មនុស្សដ៏សំខាន់សម្រេចកិច្ចអភិវឌ្ឍន៍ជាតិ។
សំឡេង ៖ កុមារគឺជាធនធានដ៏សំខាន់ ហើយកាលណាយើងគិតគូរដល់កុមារ ថ្ងៃក្រោយពួកគេនឹងក្លាយទៅជាធនធានសម្រាប់កសាងប្រទេស សម្រាប់អភិវឌ្ឍប្រទេសយើង ព្រោះតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា កាលណាយើងវិនិយោគទៅលើកុមារថ្ងៃនេះចំនួន១ដុល្លារ យើងនឹងទទួលបានត្រឡប់មកវិញ៦ដុល្លារនៅក្នុងពេលអនាគត អញ្ចឹងកាលណាយើងបោះទុនវិនិយោគទៅលើការអភិវឌ្ឍ ទាំងចំណេះដឹង ទាំងសុខភាព ទាំងអីទាំងអស់ទៅលើកុមារតែ១ដុល្លារ យើងអាចទទួលបាន៦ដុល្លារ អញ្ចឹងយើងគិតមើលថាកុមារម្នាក់ទម្រាំដល់ធំពេញវ័យ តើយើងចំណាយអស់ប៉ុន្មាន? ហើយយើងទទួលបានផលមកវិញប៉ុន្មាន? គឺធំធេងមែនទែន ហើយវាបង្ហាញឲ្យឃើញនូវការអភិវឌ្ឍប្រទេសនាពេលអនាគត ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា មានចំនួនកុមារជាង៥០ភាគរយ ដែលមានសក្តានុពលយ៉ាងធំធេងទៅថ្ងៃអនាគត ដើម្បីប្រែក្លាយទៅជាប្រជាពលរដ្ឋប្រកបដោយជំនាញ ដែលអាចជួយរុញច្រានអនាគតកម្ពុជាឲ្យកាន់តែរីកចំរើនរុងរឿង ៕