ក្រសួងសាធារណការរំឭកដល់ម្ចាស់យានយន្តរួសរាន់ផ្ទេរកម្មសិទ្ធិឲ្យបានមុនដំណាច់ខែមិថុនា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើន រំឭកដល់ម្ចាស់យានយន្តរួសរាន់ផ្ទេរកម្មសិទ្ធិឲ្យបានមុន ដំណាច់ខែមិថុនា ឆ្នាំ២០២០
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែឧសភានេះ បានឲ្យដឹងថា ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែ មិថុនាខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តឲ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០។
ក្រសួងជំនាញនេះ បានពន្យល់ថា អ្នកកំពុងកាន់កាប់យានយន្តដែលបានទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់នូវសំណុំឯកសារដូចជា៖ ផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់តួ ឬ សាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានយន្ត ដោយភ្ជាប់ជាមួយបណ្ណសម្គាល់ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី ខេត្ត) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ដោយក្នុងនោះសម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមាន បញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងជនបរទេស ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ ទីលំនៅបច្ចុប្បន្ន ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះ ក៏ត្រូវមានបង្កាន់ដៃពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិយានយន្ត លិខិតលក់ទិញ កិច្ចសន្យាធានា ដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចទម្រង់នៃពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត លិខិតលក់ទិញ និងកិច្ចសន្យាធានាខាងក្រោម៖