ក្រសួងសាធារណការពិភាក្សាបន្តធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ក្រសួងសាធារណការបន្តធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជំពូកទី២ និងទី៣ដើម្បីកែសម្រួលដែលទាក់ទងនិងពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និងការកំណត់និយម ន័យពាក្យគន្លឹះ ។
ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅ ទីស្ដីការក្រសួងបានអញ្ជើញដឹកនាំកិច្ចប្រជុំវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជំពូកទី២ និងទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែ រ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និងការកំណត់និយម ន័យពាក្យគន្លឹះឱ្យមានន័យកាន់តែច្បាស់លាស់ ជាក់លាក់ទៅតាមបរិបទច្បាប់ សំដៅការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងបរិស្ថានជារួម ព្រមទាំងងាយស្រួលអនុវត្ត និងជៀសវាងការបកស្រាយខុស។
ជាលទ្ធផល យោងតាមស្មារតីនៃកិច្ចប្រជុំនេះ អង្គប្រជុំបានកំណត់និយមន័យតាមប្រភេទយានយន្តឱ្យកាន់តែជាក់លាក់ ការកំណត់និយមន័យនៃការប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ ការកំណត់ឱ្យមានជំនួយការបើកបរម្នាក់ចំពោះរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបលើសពី១៦តោន ឬរថយន្តដឹកអ្នកដំណើរដែលផ្ទុកអ្នកដំណើរចាប់ពី៣៥នាក់ឡើងទៅ និងចំណុចផ្សេងៗទៀតក្នុងជំពូកទី២ និងជំពូកទី៣ ផងដែរ។
ឯកឧត្តមតូច ចាន់កុសល បានមានប្រសាសន៍ថា ការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និងការកំណត់និយមន័យនៃច្បាប់នេះនឹងបន្តធ្វើការពិភាក្សាយ៉ាងហោចណាស់ឱ្យបានមួយសប្ដាហ៍ម្ដង រហូតដល់ចប់ដើម្បីដាក់ជូនស្ថាប័នពាក់ព័ន្ធទាំងអស់ពិនិត្យ និងកែសម្រួលបន្ត ក៏ដូចជាដើម្បីឱ្យច្បាប់នេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្ដមរដ្ឋលេខាធិការបាន ណែនាំឱ្យក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ពិនិត្យឱ្យបានល្អិតល្អន់ និងស៊ីជម្រៅនូវជំពូកជាបន្តបន្ទាប់ មុនកិច្ចប្រជុំចាប់ផ្ដើម ដើម្បីឱ្យការធ្វើវិសោធនកម្មនេះមានសន្ទុះទៅមុខកាន់តែលឿន ៕