មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិស្ថានស្អាត គឺយើងរួមគ្នាគ្រប់គ្រង ទុកដាក់សំរាមក្នុង​ទីលាន និងមានឡដុតត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស

AKP កំពង់ធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានបានថ្លែងថា បរិស្ថានស្អាតគឺ យើងរួមគ្នា គ្រប់គ្រង ទុកដាក់សំរាម​ក្នុងទីលាន និងមានឡដុតត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ នេះបើយោងតាម​មន្ទីរព័ត៌មានខេត្ដកំពង់ធំ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីបញ្ហាបរិស្ថាននៅសាលាស្រុកស្ទោង ខេត្ដកំពង់ធំ នាថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម  សៅ សុភាព បានមានប្រសាសន៍ថា បញ្ហា​បំពុលបរិស្ថានដោយសំរាមនេះ គឺមួយចំណែកដោយសារប្រជាពលរដ្ឋក្នុងមូលដ្ឋានមិន សូវ​យកចិត្តទុកដាក់លើបញ្ហាសំរាមនេះ។

ឯកឧត្ដមបានបញ្ជាក់ថា បរិមាណសំរាម​ដែល​ច្រើននិងបំពុលបរិស្ថានច្រើនជាងគេគឺ”ថង់ផ្លាស្ទិក” ដែលយើងទាំងអស់គ្នា​ត្រូវរួមកាត់​បន្ថយ​ការប្រើប្រាស់វាអោយខានតែបាន ហើយខាងមុខនេះ រដ្ឋបាលស្រុកត្រូវរកទីលាន​ទុក​ដាក់​សំរាមឱ្យ​បានជាក់លាក់ ដោយធ្វើឡដុតនិងមានយានយន្តដឹកជញ្ជូនតាមបទដ្ឋាន​បច្ចេកទេស ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រើប្រាស់ថង់ប្លាស្ទិកដោយការសន្សំសំចៃនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងការប៉ះពាល់បរិស្ថាន កាលណាបរិស្ថានស្អាតធ្វើឱ្យមានសុខភាពល្អ៕

ដោយ៖រិទ្ធី