ក្រសួងបរិស្ថានប្រារព្ធទិវាជីវចម្រុះអន្តរជាតិ ២២ ឧសភា ប្រធានបទ  ធម្មជាតិ គឺជាដំណោះស្រាយ នៃបញ្ហារបស់យើង

AKP ភ្នំពេញ ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០ —

អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព  សហការជាមួយអគ្គនាយក​ដ្ឋាន​ចំណេះដឹង  និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការផ្សព្វផ្សាយ តាមរយៈបណ្ដាញសង្គម និងទូរទស្សន៍ ដើម្បីអបអរសាទរទិវាជីវចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ “ធម្មជាតិគឺជាដំណោះស្រាយ នៃបញ្ហារបស់យើង”។

ដោយសារមានការប្លែកក្នុងការប្រារព្ធកម្មវិធីនៅទីវាលដូចបណ្ដាឆ្នាំកន្លងមក ក្នុង​ន័យដើម្បីទប់ស្កាត់ ការចម្លងជំងឺ COVID-19  ដែលកំពុងតែបន្តរីករាលដាលនៅទូទាំង​ពិភព​លោក  ទិវាជីវចម្រុះអន្តរជាតិ  ឆ្នាំ ២០២០ នេះ ត្រូវបានរៀបចំជាលក្ខណៈវេទិកាជជែក​ពិភាក្សា និងផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍  ដោយបានលើកយកចំណុច​សំខាន់ៗចំនួន៣  មកពិភាក្សា រួមមាន៖ ១.កិច្ច សហប្រតិបត្តិការ និងការរៀបចំគោលន​យោបាយ និងច្បាប់ជាតិពាក់ព័ន្ធនឹងជីវចម្រុះ។  ២. ហិរញ្ញប្បទាននវានុវត្តន៍ ដើម្បីអភិរក្ស​ជីវ​ចម្រុះ (PES) និង  ៣.​ សារៈសំខាន់ នៃការចូលរួម របស់សហគមន៍តំបន់ការពារធម្មជាតិ​លើកិច្ចការអភិរក្ស ជីវចម្រុះ និងដោយមានការចូលរួមពីវាគ្មិនមកពីអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន និងអគ្គនាយក​ដ្ឋានចំណេះដឹង  និងព័ត៌មានបរិស្ថាន នៃក្រសួង បរិស្ថាន។

សូមជម្រាបផងដែរថា ការប្រារព្ធទិវានេះ  គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ គោលនយោបាយ របស់ ក្រសួងបរិស្ថានក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្នុងការចូលរួមចំណែកយ៉ាង សកម្មលើការគ្រប់គ្រងធនធានជីវចម្រុះ  និងប្រព័ន្ធអេកូឡូស៊ី និងក៏បានបង្ហាញពីកិច្ចខិតខំ​​ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ (UN-CBD) ក្នុងនាមជាប្រទេសហត្ថលេខី។

វេទិកាជជែកពិភាក្សាសម្រាប់អបអរសាទរ​ទិវា នេះ  ក៏បានរួមចំណែកបង្កើនចំណេះដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការ ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ឱ្យរួមចំណែកក្នុងការអភិរក្សធនធានជីវចម្រុះសម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ សម្រាប់ឆ្នាំ ២០២០នេះ គឺជាឆ្នាំទី៧ នៃការប្រារព្ធទិវាជីវចម្រុះអន្តរជាតិ ២២ ឧសភា ហើយក៏មាន​ការ​ចូលរួមពីបណ្តាមន្ទីរបរិស្ថាន រាជធានី ខេត្ត ចំនួន ៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្ត សៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និងខេត្តកែបផងដែរ  ដើម្បីរួមគ្នា​អបអរសាទរ​ទិវាជីវចម្រុះអន្តរជាតិនេះ ក្នុងពេលតែមួយ ដោយបានរៀបចំនិងចងបដា ពាក្យស្លោក សម្រាប់ផ្សព្វផ្សាយនៅតាមទីប្រជុំជន  និងទីសាធារណ:នានា ៕ ដោយ៖រិទ្ធី