ក្រុមសមត្ថកិច្ចចំរុះបង្កើនការអភិរក្សត្រីមេពូជខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង

 M,C ក្រុមសមត្ថកិច្ចចំរុះអភិរក្សត្រីមេពូជខេត្តស្ទឹងត្រែង បានបន្តចុះយុទ្ធនាការជាប្រចាំដើម្បីអបរំ ណែនាំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទនេសាទ ២០២០តាមដងទន្លេមេគង្គ ចាប់ពីព្រំប្រទល់ខេត្តក្រចេះទៅដល់ព្រំប្រទល់ នៃទឹកដីប្រទេសឡាវ។

 លោកទំនីរ៉ូ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖បន្ទាប់ពីការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅមុនរដូវបិទនេសាទមកដល់ថ្ងៃទី២០ឧសភាកន្លងមកនេះ  យើងសង្កេតឃើញថា ប្រជានេសាទប្រមាណ ៩០% បានយល់ដឹង។

លោកបន្តថា៖ប្រការនេះបងប្អូនបាន ផ្អាកការនេសាទដោយឧបករណ៍មងបណ្តែតវែងៗ ជាពិសេសជាងនេះទៅទៀត  ពេលមន្ត្រីយើងចុះល្បាតពុំមានបាតុភាព   ប្រឈមមុខដាក់គ្នាដូចកាលពីឆ្នាំ ២០១៩ នោះទេ។  

 លោកនាយខណ្ឌស្នើឱ្យអាជ្ញាធរគ្រប់មូលដ្ឋានដែលមានភូមិសាស្ត្រនៅជាប់តាមដងទន្លេមេគង្គឱ្យជួយពន្យល់និងអប់រំបងប្អូនប្រជាអ្នកនរសាទបន្ថែម   ព្រោះនៅមានអ្នកនេសាទប្រមាណ១០%តែប៉ុណ្ណោះ   ចេះតែលួចលាក់ដាក់បងក្នុងអន្លង់អភិរក្សត្រីមេពូជ។

  លោកដួងលានមេឃុំកោះស្នែងស្រុកបូរីអូរស្វាយសែនជ័យបានអះអាងថា៖នៅឆ្នាំនេះក៍ដូចជារៀងរាល់ឆ្នាំដែរ  អាជ្ញាធរមូលដ្ឋានបានសហការជាមួយមន្ត្រីសហគន៍នេសាទ   ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទសម្រាប់ខេត្តស្ទឹងត្រែង    ជូនដល់ប្រជាពលរដ្ឋបានដឹងគ្រប់ៗគ្នា។  

  លោកមេឃុំទទួលស្គាល់ថា៖បញ្ហានេសាទនេះពិតជានៅមានកំហុសឆ្គងខ្លះៗ   ដោយសារតែបងប្អុនប្រជាអ្នកនេសាទយើងមួយចំនួន   គាត់មិនមានមុខរបរអ្វីក្រៅពីចុះទឹករកត្រីនោះទេ  ទើបមានបទល្មើសមួយចំនួនកើតឡើង  ត្រូវបានកម្លាំងចំរុះធ្វើការបង្ក្រាប។

សូមបញ្ជាក់ថា៖ក្នុងរយៈពេល២០កន្លងមកនេះ ក្រុមអភិរក្សត្រីមេពូជបានដកហូតនូវមងវែងៗដែលលួចនេសាទដោយពន្លិចក្នុងទឹក និងនេសាទនៅពេលយប់ បានចំនួន( ៦៦ ត្បូង) ស្មើនឹងប្រវែងប្រមាណ (១៦. ៥០០ ម៉ែត្រ)មិន តែប៉ុណ្ណោះ បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាសង្កេតឃើញថា បទល្មើសមានការថយចុះ ជាងឆ្នាំ២០១៩៕