មិត្ដភាពរវាងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ រារាំងមិនឱ្យមានការជ្រៀតជ្រែកពីខាងក្រៅ

AKP ភ្នំពេញ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ី លោក Kazem Jalali បាននិយាយថា ការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ីសូវៀត និងអ៊ីរ៉ង់ កាលពី ១០០ឆ្នាំមុន បានបញ្ចប់គម្រោងអាណានិគមអង់គ្លេស​នៅក្នុងតំបន់នេះ។

អ្នកការទូតអ៊ីរ៉ង់បានចង្អុលបង្ហាញនូវការចងចាំព្រឹត្តិការណ៍កាលពីមួយរយឆ្នាំមុនថា «ការលុបចោលបណ្តាសន្ធិសញ្ញា និង សម្បទានអាណានិគមដោយរដ្ឋាភិបាលដែលទើបតែងើបចេញពីបដិវត្តរុស្ស៊ី បានទាក់​ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ សកម្មភាពបែប​នេះត្រូវបានបង្ហាញនៅក្នុងសង្គម អ៊ីរ៉ង់ ការបង្កើតទស្សនវិស័យវិជ្ជមាន ហើយជា​ពិសេសវាបានធ្វើឱ្យគម្រោងអាណានិគមអង់គ្លេសនៅក្នុង​នេះទទួលបរាជ័យ» ។

យោងតាមឯកអគ្គរដ្ឋទូតរូបនេះបានឱ្យដឹងថា ទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ សហការគ្នាយ៉ាងមានប្រសិទ្ធភាពនៅថ្ងៃនេះ។

លោកបានកត់សម្គាល់ថា «អ៊ីរ៉ង់ និងរុស្ស៊ី ដែលបានជម្នះនូវការកើនឡើង និងការធ្លាក់ចុះនៃទំនាក់ទំនងរបស់ពួកគេនាពេល​កន្លងមក តែងតែស្វែងរកការប្រើប្រាស់ឱកាសណាមួយដើម្បីបង្កើតសន្តិភាព ស្ថិរភាព និងមិត្តភាព ហើយតែងតែរក្សាទុកនូវកត្តាទាំងបី​នេះនៅក្នុងទំនាក់ទំនងរបស់ពួក      គេ»។ លោកបាននិយាយថា «វាបានឈានដល់ប្រវត្តិសាស្ត្រ ដែលបណ្តាប្រទេសនានាបានបង្ហាញអំពី​ទំនាក់ទំនង និងការអភិវឌ្ឍន៍ដ៏រឹងមាំ។ កិច្ចសហប្រតិបត្តិការបានលើសពីព្រំដែននៃទំនាក់ទំនងទ្វេភាគី និងឈានដល់កម្រិតតំបន់ និងអន្តរជាតិ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ចាត់ទុកប្រទេសរុស្ស៊ីជាប្រទេសមានឥទ្ធិពល នឹងជាមិត្តជិតខាង ហើយចាប់អារម្មណ៍ថែមទៀត ក្នុងការពង្រីកទំនាក់ទំនងលើគ្រប់វិស័យ»។

ឯកអគ្គរដ្ឋទូតរូបនេះបានរំលឹកថា ប្រទេសរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់នៅក្នុងសតវត្សរ៍ទី ១៦ ហើយត្រូវបាន​បង្អាក់ក្នុង​រយៈពេលខ្លីមួយដោយសារតែបដិវត្តឆ្នាំ ១៩១៧ នៅប្រទេសរុស្ស៊ី៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)