អ្នកដំណើរត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២ ខែមិថុនា

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ — អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសសិង្ហបុរី (CAAS) បានប្រកាសថា ប្រទេសសិង្ហបុរី នឹងអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន Changi របស់ខ្លួនចាប់ពីថ្ងៃទី ២ ខែមិថុនា តទៅ   ខណៈដែលប្រទេសនេះកំពុង​រៀបចំបន្ធូរបន្ថយការរឹតបណ្តឹងខ្លះៗដោយសារជំងឺកូវីដ-១៩ និងការបើកព្រំដែនឡើងវិញ។

បច្ចុប្បន្ននេះ អ្នកដំណើរបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី ក្នុងករណីពួកគេធ្វើដំណើរតាមជើងហោះ​ហើរសម្រាប់ធ្វើមាតុភូមិនិវត្តន៍ដែលរៀបចំដោយរដ្ឋាភិបាលរបស់ពួកគេតែប៉ុណ្ណោះ។

CAAS បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍គួរតែដាក់សំណើរបស់ពួកគេសម្រាប់ការផ្ទេរផ្លូវឆ្លងកាត់អាកាសយានដ្ឋាន Changi ហើយសំណើទាំងនេះនឹងត្រូវបានវាយតម្លៃដោយគិតគូរអំពីសុវត្ថិភាពអាកាសចរណ៍ ការពិចារណាសុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ផងដែរ។

វិធានការណ៍តឹងរឹងនឹងត្រូវបានដាក់ចេញដើម្បីធានាថា អ្នកដំណើរនៅតែស្ថិតនៅក្នុងទីតាំងដែលបានកំណត់នៅក្នុងតំបន់​ឆ្លងកាត់ ហើយមិនត្រូវនៅលាយឡំជាមួយអ្នកដទៃទៀតឡើយពេលនៅក្នុងអាកាសយានដ្ឋាន។

អាជ្ញាធរបាននិយាយថា វិធានការបង្ការទុកជាមុនដែលមានស្រាប់ ដូចជាការនៅឃ្លាតគ្នាដោយសុវត្ថិភាព និងការវាស់​សីតុណ្ហភាពសម្រាប់អ្នកដំណើរ និងបុគ្គលិក នឹងត្រូវបន្តអនុវត្ត។

បុគ្គលិកអាកាសយានដ្ឋានក៏នឹងត្រូវតម្រូវឱ្យពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនផងដែរនៅពេលធ្វើទំនាក់ទំនងជាមួយអ្នកដំណើរ។

ប្រទេសសិង្ហបុរីបានបិទព្រំដែនរបស់ខ្លួនចំពោះអ្នកធ្វើដំណើររយៈពេលខ្លីទាំងអស់ចាប់តាំងពីថ្ងៃទី ២៣ ខែមីនា សូម្បីតែអ្នក​ធ្វើដំណើរឆ្លងកាត់ប្រទេសនេះក៏ដោយ ព្រោះរដ្ឋាភិបាលបានចាត់វិធានការដើម្បីការពារករណីនាំចូលនៃជំងឺកូវីដ-១៩ ។

វិធានការនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍ និងទេសចរណ៍របស់ប្រទេសនេះ។ អាកាសយានដ្ឋាន Changi មានការធ្លាក់ចុះ ៩៩,៥ភាគរយនៃចលនាអ្នកដំណើរក្នុងខែមេសា បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួន ៥,៥៨លាននាក់ក្នុងមួយ​ខែ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)