លោក ណយ ចន្ទតា និងលោក នួន សារ៉ន នាំយកថវិកាផ្តល់ជូនគ្រួសារសមាជិកក្រុមប្រឹក្សាស្រុកដែរកំពុងមានជំងឺធ្ងន់ធ្ងរ

(មណ្ឌលគិរី)៖ លោក ណយ ចន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងសហការី បានចូលរួមជាមួយលោក នួន សារ៉ន អភិបាលស្រុកកែវសីមា ក្រុមការងារសម្ពន្យុវជនស្រលាញ់សន្តិភាព និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកាចំនួន ២លានរៀល ផ្តល់ជូនគ្រួសារលោក ទួន ឈឿន ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ដែលមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជូរី ភ្នំពេញ ដែលប្រព្រឹត្តទៅគេហដ្ឋានលោកផ្ទាល់ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
លោក ណយ ចន្ទតារា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ដែលជានិច្ចកាលលោក តែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស សមាជិកស.ស.យ.ក ដែលជួបការលំបាក និងរងគ្រោះដោយប្រការផ្សេងៗ។ លោក បន្ថែមថា ថវិកាទាំងនេះ គឺជាទឹកចិត្តរបស់ក្រុមការងារយុវជន រួមទាំងអាជ្ញាធរស្រុក ក្នុងការជួយដោះស្រាយការស្នាក់នៅ និងការហូបចុក បានមួយកម្រិត។ លោក ណយ ច័ន្ទតារា និងក្រុមការងារ បានជូនពរដល់លោក ទួន ឈឿន សមាជិកក្រុមប្រឹក្សាស្រុក ឆាប់ជាសះស្បើយ និងអាចត្រលប់មកផ្ទះវិញ ដើម្បីរួមគ្នាធ្វើកិច្ចការងារមនុស្សធម៌ និងបម្រើការងារក្នុងសង្គម។
លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានថ្លែងអំណរគុណដល់ក្រុមការងារយុវជន និងសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តដ៏ល្អប្រពៃ ក្នុងការជួយដោះស្រាយជូនក្រុមគ្រួសាររបស់គាត់ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅរាជធានីភ្នំពេញ និងក៏សូមជូនពរដល់ក្រុមការងារយុវជន និងសប្បុរសជនទាំងអស់ សូមមានសុខភាពល្អ និងប្រកបកិច្ចការងារទទួលបានជោគជ័យគ្រប់ភារកិច្ច៕