កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានជំរុញសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ

AKP ភ្នំពេញ  ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ — កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអនុម័តទៅលើផែនការសហប្រតិបត្តិការអន្តរជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតាមសមុទ្ររបស់វៀតណាមរហូតដល់ឆ្នាំ ២០៣០ ។

ផែនការនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតាមសមុទ្រប្រកបដោយចីរភាព ដើម្បីកៀរគរ និងប្រើប្រាស់ធនធានចំណេះដឹង និងបទពិសោធន៍ប្រកបដោយប្រសិទ្ធភាព ខណៈដែលមានការបង្កើនការគាំទ្រពីបណ្តា​ប្រទេសផ្សេងៗ អង្គការអន្តរជាតិ និងដៃគូ។

ផែនការនេះត្រូវបានសង្ឃឹមថា នឹងជួយឱ្យមានការអនុវត្តប្រកបដោយជោគជ័យនូវទស្សនៈគោលដៅ និងដំណោះស្រាយ​សំខាន់ៗដែលមានចែងនៅក្នុងដំណោះស្រាយលេខ 36-NQ/TW របស់   គណៈកម្មាធិការមជ្ឈិមបក្ស ដែលបានចេញកាលពីខែតុលា ឆ្នាំ ២០១៨ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាមប្រកបដោយចីរភាពរហូតដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់​ឆ្នាំ ២០៤៥ ។

ផែនការនេះត្រូវបានគេរំពឹងថា នឹងជួយប្រទេសវៀតណាមក្នុងការចូលរួមវិភាគទានយ៉ាងសកម្ម និងប្រកបដោយការទទួលខុស​ត្រូវដល់សហគមន៍អន្តរជាតិទាក់ទងនឹងបញ្ហាសមុទ្រ និងមហាសមុទ្រ ព្រមទាំងលើកកម្ពស់តួនាទីរបស់ប្រទេសនេះទាំងនៅក្នុងតំបន់ និងពិភពលោកផងដែរ។

ផែនការនេះបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិចំនួន ៦ រួមទាំងអភិបាលកិច្ចសមុទ្រ និងមហាសមុទ្រ ការគ្រប់គ្រង​តំបន់​ឆ្នេរសមាហរណកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងឆ្នេរ ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ការអភិវឌ្ឍវប្បធម៌​សមុទ្រ និងសង្គមដែលជាប់ជាមួយ      សមុទ្រ ការស៊ើបអង្កេតជាមូលដ្ឋាន និងការស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស​សម្រាប់សមុទ្រ ការពារបរិស្ថានសមុទ្រ បង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនូវកម្ពស់ទឹកសមុទ្រ ព្រមទាំងធានាការការពារសន្តិសុខ សកម្មភាពខាងក្រៅ និងការទំនាក់ទំនង៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី )