សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងវិលត្រឡប់មករកភាពធម្មតាវិញក្នុងរយៈពេល ៣ឆ្នាំទៀត

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ — វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (TDRI) បានព្យាករណ៍ថា ប្រទេសថៃទំនងជាចំណាយពេល​ដល់ទៅ ៣ឆ្នាំទើបអាចវិលត្រឡប់ទៅរកស្ថានភាពសេដ្ឋកិច្ចធម្មតាដូចឆ្នាំ ២០១៩ វិញ ។

ថ្លែងនៅក្នុងសិក្ខាសាលាមួយ ស្តីពី «ភាពធម្មតាថ្មីសម្រាប់វិស័យពាណិជ្ជកម្ម» ដែលធ្វើឡើងដោយសភាពាណិជ្ជកម្មថៃ (TCC) លោក Somkiat Tangkitvanich ប្រធាន TDRI បាននិយាយថា វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ត្រូវបានគេរំពឹងថា នឹងមានទំហំធំជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨​ ទៅទៀត ។

លោកបាននិយាយថា TDRI រំពឹងថា វានឹងចំណាយពេលមួយឆ្នាំ ទៅ ១៨ខែ ដើម្បីផលិត និងចែកចាយវ៉ាក់សាំង ហើយត្រូវការ ពេលវេលារហូតដល់ ៣ឆ្នាំទៀត សម្រាប់សេដ្ឋកិច្ចថៃអាចវិលត្រឡប់ទៅរកកម្រិតដូចកាលពីឆ្នាំ ២០១៩ វិញ។

យោងតាមលោក Somkiat បានឱ្យដឹងថា ប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលមួយ ដោយវិធានការបិទទ្វារចាប់​ផ្តើមត្រូវបានបន្ធូរបន្ថយ ហើយអាជីវកម្មជាច្រើនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ ទោះជាយ៉ាងណា លោកបានទទូចថា វិធានការត្រួតពិនិត្យតឹងរឹងនៅតែត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់រលកទីពីរ នៃការផ្ទុះឡើងការឆ្លងវីរុសនេះ។ វិស័យធុរកិច្ចចាំបាច់ត្រូវបង្កើត​ទម្លាប់អាជីវកម្មថ្មី ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសធុរកិច្ចដែលមានការផ្លាស់ប្តូរ។

បើទោះបីជាមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច និងការបន្ធូរបន្ថយរូបិយវត្ថុយ៉ាងច្រើនក្តី ក៏ធនាគារ CIMB ថៃ (CIMBT) ព្យាកណ៍រថា សេដ្ឋកិច្ចថៃអាចបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសនេះ ដោយការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) ទាបជាង ១២,៥ភាគរយ ដែលធ្លាប់កើតមានម្តងកាលពីត្រីមាសទី ២ ឆ្នាំ ១៩៩៨ ។

កំណើន GDP ពេញមួយឆ្នាំរបស់ប្រទេសថៃ បានធ្លាក់ចុះ ៧,៦ភាគរយក្នុងរយៈពេល ២២ឆ្នាំមុន នៅពេលដែលសេដ្ឋកិច្ចថៃ​ធ្លាក់ដោយសារវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ ១៩៩៧ ។

លោក Amonthep Chawla ប្រធានផ្នែកស្រាវជ្រាវរបស់ធនាគារ CIMBT បាននិយាយថា «យើងបានព្យាករណ៍ពីការធ្លាក់ចុះ​យ៉ាងខ្លាំងនៃ GDP នៅត្រីមាសទី ២ ចំនួន ១៤ភាគរយបើធៀបទៅនឹងឆ្នាំមុន»។

លោក Amonthep បាននិយាយថា ការនាំចេញអាចបន្តធ្លាក់ចុះដោយសារតម្រូវការពិភពលោកទន់ខ្សោយ និងភាពជាប់គាំងជា​បន្តបន្ទាប់នៅក្នុងសេដ្ឋកិច្ចធំៗ។ ចំនួនភ្ញៀវទេសចរណ៍ក្នុងត្រីមាសទី ២ នឹងមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារការរឹតត្បិតការធ្វើ​ដំណើរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)