កម្ពុជា បន្ដរៀបចំកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣ តាមការគ្រោងទុក

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២២ ០៥ ២០២០ ៖

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស អះអាងថា កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅតែត្រៀមរៀបចំតាមការគ្រោងទុក ប៉ុន្តែឈរលើស្ថានភាពវិវត្តន៍ជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តម លុយ ដាវីត​ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១៣ បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រហូតមកទល់ថ្ងៃនេះ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក៏ដូចជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិនេះ នៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលនេះ តាមពេលវេលាដែលបានគ្រោងទុក ដូចដែលបានឯកភាពគ្នា ជាមួយថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ទាំង៥៣។ ឯកឧត្តម បន្ថែមថា លិខិតអញ្ជើញដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស គឺបានបញ្ជូនទៅគ្រប់ភាគីដែលនឹងចូលរួមរួចរាល់អស់ហើយ, ហើយរហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំមួយចំនួន បានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ រួចហើយដែរ។
ឯកឧត្តម បន្ថែមទៀតថា សម្រាប់កម្ពុជាយើង ការងារមួយចំនួនធំ យើងបានសម្រេចអស់ហើយ ដើម្បីឈានទៅការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើនេះ នៅខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ជាឧទាហរណ៍ ដូចជាការសាងសង់អគារទំនើប សម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ គឺជិតរួចរាល់ហើយ ខណៈមធ្យោបាយធ្វើដំណើរ សម្រាប់ទទួលប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំប្រទេស និងដៃគូទាំង៥៣នោះ ក៏បានមកដល់កម្ពុជាយើងរួចរាល់ហើយដែរ។
«បន្តអត់មានបន្ធូដៃទេ គឺគណៈកម្មាការទាំងអស់គឺបន្ដការងាររបស់ខ្លួន ក្នុងការរៀបចំកិច្ចប្រជុំនេះខែវិច្ឆិកា ឆ្នាំ២០២០នេះអត់មានបន្ធូរដៃទេណា ហើយទន្ទឹមនិងនេះយើងនៅតាមសភាពការរឿងកូវីដនេះហើយ គឺយើងតាមដានប្រទេសជំហប្រទេសផ្សេងៗទៀតដែលគេទទួលរៀបចំកិច្ចប្រជុំ ដូចដឹងស្រាប់ហើយខែវិច្ឆិកាហ្នឹងគឺមានកិច្ចប្រជុំអាស៊ាន Submit ដែលវៀតណាមគាត់រៀបចំ ហើយកិច្ចប្រជុំកំពូលអាទិត្យដែលមួយល្ងាច ដែលគាត់រៀបចំមុនយើងពីរ បីថ្ងៃឯណោះ ហើយមកដល់ពេលនេះគឺប្រទេសទាំងនោះ គឺអត់មានការលើកពេលកិច្ចប្រជុំ គឺនៅរក្សាដដែល អញ្ចឹងបានថាយើងតាមដានមើលថាតើបើសិនជាប្រទេសទាំងអស់នោះ គេលើកពេល មើលទៅសភាពការណ៍កូវីដគ្រប់មិនបាន គឺយើងត្រូវតែលើកពេលយើងនិង សុំការឯកភាពពីសមាជិកដៃគូរទាំង ៥៥ ហ្នឹងក្នុងការលើកពេលទៅឆ្នាំក្រោយដែរ»។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន ៥៣ប្រទេសនិងដៃគូ៕