ក្រសួងអប់រំ និងអង្គការដៃគូ ផលិតវីដេអូជីវចលសម្រាប់កុមារយល់ដឹងពីវិធីការពារខ្លួនពីវីរ៉ុសកូវីដ១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ០៥ ២០២០៖

ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូ បានរួមគ្នាផលិតវីដេអូជីវចលសម្រាប់កុមារយល់ដឹងពីវិធីការពារខ្លួនពីវីរ៉ុសកូវីដ១៩ សំដៅទប់ស្កាត់ការរាតត្បាតជំងឺនេះទៅកាន់សហគមន៍។
សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូនីសេហ្វ និង ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការ Save the Children នៅថ្ងៃទី២២ ខែឧសភានេះ បានឲ្យដឹងថា ការរួមគ្នាផលិតខ្សែវីដេអូជីវចលនេះ ក្នុងគោលបំណងផ្តល់ជំនាញពេញមួយជីវិតដល់កុមារ និងអ្នកថែទាំ អំពីវិធីការពារខ្លួនពីវីរ៉ុសកូវីដ១៩ ក៏ដូចជាវិធីទប់ទល់ជាមួយរោគរាតត្បាត និងបញ្ឈប់ការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ។
វីដេអូជីវចលភាគថ្មីសម្រាប់កុមារ ដែលអប់រំពីវិធីការពារខ្លួនពីវីរ៉ុសកូវីដ១៩ នឹងត្រូវដាក់ផ្សាយនៅស្ថានីយទូរទស្សន៍មួយចំនួនរយៈពេលមួយខែពេញ និងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា ចាប់ពីថ្ងៃទី២៣ ខែឧសភានេះទៅ។
លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ (Cristian Munduate) នាយិការយូនីសេហ្វប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ខ្សែវីដេអូភាគនេះ ផលិតឡើងសម្រាប់កុមារដែលមានអាយុចាប់ពី៥ ដល់១០ឆ្នាំ ដោយមានគ្រួសារទន្សាយជាតួអង្គ ។ ដំណើររឿង និងសារ មានដូចជាការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពសង្គម ស្វ័យសិក្សានៅផ្ទះ សុខមាលភាពផ្លូវចិត្តនិងផ្លូវកាយ និងការរើសអើង។
បើតាមការពន្យល់របស់លោកស្រី អេលីហ្សាប៊ែត ភៀស (Elizabeth Pearce) នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា កុមារអាចដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការឆ្លងរាលដាលមិនត្រឹមតែក្នុងចំណោមពួកគេនោះទេ ប៉ុន្តែផ្តល់ព័ត៌មានដល់ឪពុកម្តាយ និងកុមារតូចៗផងដែរ។ លោកស្រី បានថ្លែងថា «យុទ្ធសាស្ត្ររបស់យើងក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ គឺការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះពីការឆ្លងរាលដាល កាត់បន្ថយការឆ្លង និងឆ្លើយតបនឹងផលប៉ះពាល់ទៅលើសុខភាព ជីវភាព ការអប់រំ និងការការពារ ខណៈជាទូទៅ ការឆ្លងជំងឺនេះបានរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារ ដែលមិនបានយល់ដឹងពីការអនាម័យខ្លួនប្រាណ និងព័ត៌មានដែលអាចជឿជាក់ពីវិធានការណ៍ការពារពីជំងឺកូវីដ១៩សម្រាប់កុមារអាយុពី៥ទៅ១០ឆ្នាំ៕