លោកជំទាវអគ្គនាយិកាវិទ្យុជាតិកម្ពុជាចុះពិនិត្យស្ថានីយ៍ផ្សាយវិទ្យុកណ្តាលស្ទឹងនិងបាននាំយកអំណោយរបស់ឯកឧត្តមខៀវ កាញារីទ្ធនិងលោកជំទាវផ្តល់ជូនមន្ត្រីបំរើការងារនៅទីនោះ

វិទ្យុជាតិកម្ពុជា ៖
លោកជំទាវឈឹម ពៅ សុកាន់ឌីអគ្គនាយិកាវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី២១ ខែឧសភាបានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យមើលស្ថានីយ៍ផ្សាយវិទ្យុកណ្តាលស្ទឹង ដើម្បីពង្រឹងបច្ចេកទេសនៃការផ្សាយឲ្យបកដោយគុណភាព លឿនរហ័យ ដែលបំរើដល់ការស្តាប់កម្សាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានីយផ្សាយវិទ្យុកណ្តាលស្ទឹងនោះ លោកជំទាវបានណែនាំឲ្យមន្រ្តីដែលបម្រើការងារនៅទីនោះត្រូវត្រួតពិនិត្យបច្ចេកទេសភ្លើង និងឧបករណ៍ម៉ាស៊ីផ្សាយឲ្យបានត្រឹមត្រូវ ដើម្បីជៀសបង្កភាពរអាករអួលមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរផ្សាយទៅកាន់សាធារណៈជនជាអ្នកស្តាប់កំសាន្ត។

លោកជំទាវ ក៏បានណែនាំឲ្យមន្រ្តីបន្តការ ថែរក្សាអនាម័យឲ្យខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួង សុខាភិបាល ដើម្បី ធ្វើយ៉ាងណាការពារនិងទប់ស្កាត់នៅការរីករាលដាលនៃជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។ 

នៅក្នុងឱកាសនោះដែលលោកជំទាវអគ្គនាយិកាក៏បាននាំយកអំណោយមួយចំនួនរបស់ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្តល់ជូនមន្ត្រីដែលកំពុងប្រចាំការនៅទីនោះមានដូច ទឹកអាកុលលាងដៃ ម៉ាស់ ដំណាប់ល្មើ និងថវិកាមួយចំនួនដើម្បីការពារខ្លួនប្រឆាំងនឹងជម្ងឺកូវីដ១៩។

តំណាងមន្ត្រីរាជការដែលកំពុងបំពេញការងារប្រចាំការនៅស្ថានីយ៍ផ្សាយកណ្តាលស្ទឹងបានថ្លែងអំណរគុណដល់ ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងលោកជំទាវអគ្គនាយិកាវិទ្យុជាតិកម្ពុជា ដែលតែងតែផ្តល់ការឧបត្ថម្ភសព្វបែបយ៉ាងដល់មន្ត្រីគ្រប់រូប ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគិតគូរពីសុខទុក្ខដល់មន្រ្តីក្រោមឱវាទ៕