ក្រសួងសង្គមកិច្ចអំពាវនាវដល់អាណាព្យាបាលបន្តបង្កើនកិច្ចគាំពារសុខភាពរបស់កុមារឲ្យបានខ្ជាប់ខ្ជួន

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី ២១.០៥.២០២០៖

ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អំពាវនាវដល់អាណាព្យាបាលបន្តបង្កើន កិច្ចគាំពារសុខភាពរបស់កុមារឲ្យបានខ្ជាប់ខ្ជួន ទោះបីជាជំងឺកូវីដ-១៩មានការស្ងប់ស្ងាត់បន្តិចក៏ដោយ ព្រោះកុមារងាយប្រឈមនឹងជំងឺឆ្លងគ្រប់ប្រភេទ ។
ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាជាតិដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាបានមានប្រសាសន៍ថា ក្នុងស្ថានភាពកូវីដ-១៩នេះ កុមារមានបញ្ហាប្រ ឈមងាយឆ្លងជម្ងឺដ៏កាច់សាហាវនេះខ្លំាងជាងគេ ដោយត្រូវបង្កើនកិច្ចថែទំាធ្វើអនាម័យឲ្យបានជាប់ជាប្រ ចាំតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា អាព្យាបាលគ្រប់រូបត្រូវណែនាំ កូនឲ្យសម្អាតខ្លួនប្រាណ លាងដៃអោយបានស្អាតជាប់ជាប្រចាំ ហើយបើគ្មានតម្រូវការចាំបាច់អ្វីទេកុំអោយកុមារ តូចៗចេញទៅលេងនៅក្រៅផ្ទះ កន្លែងដែលមានមនុស្សអ៊ូអរច្រើន ព្រោះងាយប្រឈមនឹងការឆ្លងជម្ងឺកូវីដ ១៩។ បន្ថែមពីនេះ អាណាព្យាបាលត្រូវជួយបង្រៀនកូន តាមគោលការរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីធានាឲ្យកុមារនៅតែទទួលបានចំណេះដឹងសម្រាប់អភិវឌ្ឍន៍សមត្ថភាព និអនាគតរបស់ពួកគេ។
ឯកឧត្តមបានអៈអាងថា ក្នុងដំណាក់កាលជម្ងឺកូវីដ១៩នេះ កុមារបានរងផលប៉ះពាល់ច្រើនជាងគេ ទៅលើការសិក្សា សុខភាពទាំងផ្លូវកាយផ្លូវចិត្ត ហើយបាត់បង់ទំនាក់ទំនងរវាងមិត្តភក្កិ ដោយសារកុមារ ត្រូវមានការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះកុមារមួយចំនួន ដែលជាកុមារក្រីក្រខ្វះលទ្ធភាពក្នុងការទំនាក់ទំនង គឺគាត់បាត់បង់ទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ ។
ទាក់ទងទៅនឹងជំងឺកូវីដ-19 នេះ គឺថាយើងបានចេញជាសេចក្តីណែនាំ ដល់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឲ្យមើលថែទាំកុមារឱ្យបានល្អ ហើយត្រូវអប់រំកុមារឲ្យចេះធ្វើអនាម័យ ឲ្យចេះធ្វើការការពារខ្លួន ហើយរក្សាគម្លាតសង្គម តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យធ្វើយ៉ាងម៉េចថែទាំក្មេងឲ្យបានល្អនៅក្នុងដំណាក់កាលនេះ ។ ធ្វើយ៉ាងណាឱ្យកុមារទាំងអស់ ទាំងកុមាររងគ្រោះ ជាពិសេសកុមារពិការហ្នឹង ឱ្យទទួលបានការអប់រំស្មើៗគ្នា ទទួលបានទឹកស្អាត ទទួលបានការធ្វើអនាម័យ ទទួលបានការការពារស្មើៗគ្នា ធ្វើម៉េចកុំឲ្យមានការរើសអើងរវាងកុមារក្រីក្រ ហើយនឹងកុមារដែលមានលទ្ធភាព ។
ឯកឧត្តម បានបន្តថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសអាណាព្យាបាល ត្រូវបង្កើនការយកចិត្តទុកដាក់ ណែនាំ បង្ហាត់បង្ហាញ ពីការធ្វើអនាម័យជាប្រចាំ និងសិក្សាតាមកម្មវិធីសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិចរបស់ក្រសួងអប់រំ ដើម្បីឲ្យកុមារទទួលបានចំណេះដឹងបន្ថែម និងជៀសផុតពីជំងឺរាតត្បាតផ្សេងៗ ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បច្ចុប្បន្នមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀតនោះទេ ហើយអ្នកជំងឺទំាង១២២នាក់ដែលបានរកឃើញ បានព្យាបាលជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យអស់ហើយ ។ ប៉ុន្តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នៅតែទទូចឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន ដោយធ្វើអនាម័យជាប្រចំាតាមរយៈលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ អាល់កុល ជែល ពាក់ម៉ាស់ រក្សាគម្លាតសង្គម និងមិនគួរចេញពីផ្ទះបើមិនមានការចំាបាច់ ដើម្បីកុំឲ្យប្រឈមនឹងការកើតមាននូវរលកទី២នៃជំងឺកូវីដ-១៩ ជាពិសេសចម្លងទៅក្នុងសហគមន៍ ៕