សម្តេចប្រធានព្រឹទ្ធសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះសម្តេចប្រធានព្រឹទ្ធសភាបានសាកសួរសុខទុក្ខ និងស្តាប់របាយ​ការណ៍ស្តីពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសា​ធារណៈ​របស់មន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់​ប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋាន។

សម្តេចវិបុលសេនាភក្តីបានសាកសួរអំពីសភាពការណ៍ និងការ​អប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ផងដែរ។

ទទ្ទឹមនឹងនេះ សម្តេចវិបុលសេនាភក្តីក៏បានជម្រាបជូនអំពីស្ថានភាព​នៃការរីករាត​ត្បាតរបស់វីរុសកូវីដ-១៩ នៅបណ្តាប្រទេសជុំវិញពិភពលោកព្រមទាំងផលប៉ះពាល់លើ​គ្រប់​ផ្នែកគ្រប់វិស័យដែលបង្កឡើងដោយសារជំងឺនេះ។ ជំងឺរាតត្បាតដ៏កាចសាហាវ និងងាយ​ចម្លង​បំផុតនេះគឺបង្ករមកពីវីរុសកូវីដ-១៩ ដែលជាវីរុសប្រភេទថ្មី ហើយដែលមិនទាន់មាន ការស្រាវជ្រាវបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ឱ្យច្បាស់លាស់ និងរកឃើញថ្នាំព្យាបាល ប្រកបដោយប្រសិទ្ធភាព ឬបង្កើតបាននូវវ៉ាក់សាំង សម្រាប់ការពារនៅឡើយ។

ដោយ​ឡែកនៅកម្ពុជាយើង អាស្រ័យដោយរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និង​បានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា។ ម្យ៉ាងទៀតកងកម្លាំងអាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋគ្រប់រូប ម្នាក់ៗសុទ្ធតែមានការភ័យខ្លាច មានការយល់ដឹង និងចូលរួមសហការអនុវត្តន៍យ៉ាងសស្រាក់សស្រាំ នោះទើបស្ថានភាព​នៃជំងឺនេះបានធូរស្រាល ហើយការចម្លង ក៏មិនមានរីករាលដាលដល់ក្នុងសហគមន៍។ ជាមួយគ្នានេះ ក្នុងរយៈពេលជាងមួយខែមកនេះ គឺមិនមានករណីឆ្លងថ្មីៗទៀត ហើយ​ក៏នៅមិនមានអ្នកស្លាប់ និងការព្យាបាលបានជាសះស្បើយអស់ហើយ (១២២នាក់ /១២២នាក់) ។

សម្តេចវិបុលសេនាភក្តីបានលើកឡើងដែរថា តែនេះមិនមែនមានន័យថាមិនអាច​កើតមាននូវរលកទី២ នៃការចម្លងកូវីដ-១៩ ជាថ្មីទៀតនោះដែរ ហេតុនេះទើបត្រូវតែបន្ត ប្រុងប្រយ័ត្ន និងការពារទប់ស្កាត់តទៅទៀត។ ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំ​ដល់​ប្រជាពលរដ្ឋយើងឱ្យប្រុងប្រយ័ត្ន និងអនុវត្តន៍ខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែល​រាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ។

សម្តេចវិបុលសេនាភក្តីបានណែនាំដល់​បង​ប្អូនប្រជាពលរដ្ឋ មន្រ្ដី និងអាជ្ញាធរត្រូវចូលរួមអនុវត្តន៍ អនាម័យខ្លួនប្រាណ និងអនុវត្តន៍​ការហាត់ប្រាណដើម្បីសុខភាព។ ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយ​ចូរព្យាយាមនៅផ្ទះឱ្យបានច្រើនបើមិនមានការចាំបាច់។ ទន្ទឹមនេះ ត្រូវពាក់ម៉ាស់ការពារ​នៅ​ពេល​ធ្វើការងារ ពេលធ្វើដំណើរ និងនៅទីកន្លែងដែលមានមនុស្សអ៊ូអរ។ ក្នុងករណី​មាន​ការសង្ស័យ ឬមានអាការៈមិនស្រួលខ្លួនដូចជាមានគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម។ល។ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬទាក់ទងសួរព័ត៌មានពីខ្សែទូរស័ព្ទលេខ១១៥ជាបន្ទាន់ ។

សម្តេចវិបុលសេនាភក្តីក៏បានអំពា​វនាវដល់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការប្រុង​ប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕

ដោយ៖រិទ្ធី