រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញអោយបណ្តាអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួង ត្រូវបង្កើតគណៈកម្មការ ធ្វើការពិនិត្យពាក្យថ្មីៗ ដើម្បីអោយមានការទទួលស្គាល់ ពីអ្នកប្រើប្រាស់ ឬអ្នកស្តាប់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២១ ឧសភា ២០២០៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញអោយបណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួង ត្រូវបង្កើតគណៈកម្មការ ធ្វើការពិនិត្យមេពាក្យថ្មីៗ ដើម្បីអោយមានការទទួលស្គាល់ ពីអ្នកប្រើប្រាស់ឬអ្នកស្តាប់ ពីបច្ចេកសព្ទ នៅក្នុងប្រពន្ធ័ផ្សព្វផ្សាយ។
ក្នុងកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការរៀបចំសន្ទានុក្រម ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តអោយ សមាសភាពគណៈកម្មការចាស់ និងថ្មី ត្រូវរួមគ្នាបន្តកិច្ចការងារ សម្រង់បច្ចេកសព្ទ អោយបានកាន់តែស៊ីជម្រៅ និងច្បាស់លាស់បន្ថែមទៀត ដោយក្នុងនោះ នៅតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ត្រូវបង្កើតគណៈកម្មការ ធ្វើការពិនិត្យមេពាក្យថ្មីៗ ហើយបញ្ជូនមក គណៈកម្មការរួមរបស់ក្រសួង ដើម្បីទុកជាឯកសាររួម ដោយសារបច្ចុប្បន្ននេះ មានពាក្យថ្មីៗដែលត្រូវបានបង្កើតឡើងដែលប្រការនេះ យើងត្រូវរួមគ្នាកំណត់យកពាក្យណាអោយបានច្បាស់លាស់ ទុកសម្រាប់ប្រើប្រាស់នៅក្នុងប្រពន្ធ័ផ្សព្វផ្សាយប្រចាំថ្ងៃ។
ឯកឧត្តម បន្ថែមថា ជាងនេះទៅទៀត ក៏ត្រូវបង្កើតជាគណៈកម្មការថ្មីមួយទៀត ដើម្បីសហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ ពិនិត្យនូវរាល់មេពាក្យទាំងឡាយរបស់ក្រសួងព័ត៌មាន ដែល បានសម្រេចរួចហើយ ដើម្បីមានការឯកភាពគ្នាជារួម សម្រាប់ការប្រើប្រាស់។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ជារួមគឺចង់អោយមានការទទួលស្គាល់ទាំងអស់គ្នាក្នុងការប្រើប្រាស់បច្ចេកសព្ទ នៅក្នុងប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីអាចអោយក្រសួងព័តមានធ្វើការបោះពុម្ពជាសៀវភៅដែលមានជា ភាសាខ្មែរ អង់គ្លេស និងភាសាបារាំង ។
តាមការបញ្ជាក់របស់ ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការ ក្រសួងព័ត៌មាន កាលពីសមាសភាពគណៈកម្មការមុន បានសម្រេចប្រើបច្ចេកសព្ទ័ សម្រាប់ទូរទស្សន៏ជាតិកម្ពុជា មានចំនួន៨៣មេពាក្យ ហើយជាមួយនេះនៅក្នុងទស្សនាវដ្តី និងព្រឹត្តបត្រ័ ក្រសួងព័ត៌មាន ក៏មានមេពាក្យដែលត្រូវប្រើប្រាស់ផងដែរ។ ដូច្នេះសម្រាប់កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីធ្វើការពិនិត្យឡើងវិញរាល់កិច្ចការងារដែល សម្រេចបានក្នុងរយៈពេលកន្លងមក ហើយក៏ចាំទទួលយកនូវមេពាក្យថ្មីៗ ដែលត្រូវប្រើប្រាស់ នៅក្នុងវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។
សូមបញ្ជាក់ថាគណៈកម្មការកម្មការរៀបចំសន្ទានុក្រម ក្រសួងព័ត៌មាននេះ ត្រូវបានកែសម្រូល សមាសភាពថ្មី ដែលមាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធានកិត្តិយស ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធាន រួមជាមួយអនុប្រធាន ២រូប និងមានសមាជិក ២៣រួប ហើយគណៈកម្មការនេះ មានភារកិច្ច ៖ធ្វើការសិក្សាស្រាវជ្រាវ និងចងក្រង ពាក្យបច្ចេកទេស ពាក្យថ្មី ដែលបានប្រើប្រាស់ដោយក្រសួងព័ត៌មាន ដើម្បីផ្ញើជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ពិនិត្យនិងសម្រេចមុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។