អ្នកជំនាញព្រមានថា សង្គ្រាមតម្លៃរវាង អារ៉ាប៊ីសាអូឌី និងរុស្ស៊ីអាចនឹងចាប់ផ្តើមឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ លោក Alexander Gryaznov ប្រធាននាយកដ្ឋានវាយតម្លៃរបស់ S&P Global Ratings នៅប្រទេសរុស្ស៊ីបាននិយាយថា សង្គ្រាមតម្លៃរវាងអារ៉ាប៊ីសាអ៊ូឌី និងរុស្ស៊ី នៅលើទីផ្សារប្រេងសកលលោកអាចនឹងចាប់ផ្តើម​ម្តងទៀតនៅពេលដែលតម្លៃប្រេងឡើងដល់កម្រិតពី ៥០ ទៅ ៥៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

អ្នកជំនាញរូបនេះបាននិយាយថា «ការផ្អាកខ្លះត្រូវបានធ្វើឡើងនៅក្នុងសង្រ្គាមនេះ»។ លោកបាននិយាយបន្ថែមថា «ប៉ុន្តែទោះជា​យ៉ាងណា នៅពេលដែលតម្លៃឡើងដល់ ៥០ ទៅ ៥៥ដុល្លារអាមេរិក [ក្នុងមួយបារ៉ែល] ខ្ញុំនឹងមិនគិតថា ការតស៊ូសម្រាប់ទីផ្សារនឹងនៅតែ​បន្តទេ»។

យោងតាមការប៉ាន់ស្មានរបស់នាយកដ្ឋានវាយតម្លៃ S&P Global បានឱ្យដឹងថា តម្លៃប្រេង Brent នឹងនៅក្នុងកម្រិត ៣០ដុល្លារអាមេរិកក្នុងមួយបារ៉ែល រហូតដល់ចុងឆ្នាំ២០២០ ជាមួយនឹងការងើបឡើងវិញជាបន្តបន្ទាប់រហូតដល់តម្លៃ ៥០ដុល្លារអាមេរិក​ក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ ២០២១ ។

តម្លៃប្រេងបានធ្លាក់ចុះកាលពីខែមីនា បន្ទាប់ពីប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌី ខកខានក្នុងកិច្ចចរចាកាត់បន្ថយផលិតកម្មប្រេង។ អតីតសម្ព័ន្ធមិត្តមានបំណងបង្កើនផលិតកម្មយ៉ាងសកម្មនៅក្នុងខែមេសា។ អ្នកអង្កេតបានហៅវាថា «សង្គ្រាមតម្លៃ»។

ទោះជាយ៉ាងណា បណ្តាប្រទេសនៃស្ថាប័ន OPEC+ បានគ្រប់គ្រងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយផលិតកម្មប្រេង​នៅក្នុងខែឧសភា – មិថុនា នៅក្នុងកិច្ចប្រជុំដ៏អស្ចារ្យរបស់ពួកគេកាលពីថ្ងៃទី ១២ ខែមេសាកន្លងទៅនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)