ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាពរបស់ប្រទេសលីប៊ី

AKP ភ្នំពេញ  ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ — ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត​ដើម្បីពិភាក្សាអំពីប្រទេសលីប៊ី និងសកម្មភាពរបស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) ។

ថ្លែងមតិក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy តំណាងអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំនៅអង្គការ​សហប្រជាជាតិបានអំពាវនាវឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសលីប៊ីចូលរួមសង្កេតការណ៍បទឈប់បាញ់មនុស្សធម៌ ចំពេលដែលមានការរាតត្បាតជំងឺកូវីដ-១៩ គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាឱ្យមានភាពការទទួលបានជំនួយមនុស្សធម៌ពេញលេញ។

លោកបានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់លោក ចំពោះដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយដែលណែនាំ និងដឹកនាំ​ដោយប្រទេសលីប៊ី ជំរុញឱ្យភាគីដែលពាក់ព័ន្ធទាំងអស់វិលត្រឡប់មកពិភាក្សាគ្នាវិញអំពីកិច្ចការនយោបាយ សេដ្ឋកិច្ច និងយោធា ដោយអនុលោមតាមសេចក្តីសម្រេចលេខ ២៥១០ របស់ ​UNSC ដែលគាំទ្រសេចក្តីសន្និដ្ឋាននៃសន្និសីទអន្តរជាតិស្តីពីលីប៊ី ដែលបាន​ប្រារព្ធធ្វើឡើងនៅទីក្រុងប៊ែរឡាំង និងទទួលយកសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលផ្តួចផ្តើមដោយ UNSMIL កាលពីខែ​កុម្ភៈ។

លោក Quy ក៏បានលើកឡើងផងដែរអំពីភាពចាំបាច់ក្នុងការតែងតាំងអ្នកតំណាងពិសេសនៅលីប៊ី ដើម្បីជំនួសលោក Ghassan Salamé ដែលបានលាឈប់ពីតំណែងកាលពីដើមខែមីនា ដោយសារហេតុផលសុខភាព។

អ្នកចូលរួមផ្សេងទៀតបានជំរុញឱ្យភាគីនានានៅក្នុងប្រទេសលីប៊ីវិលត្រឡប់មករកកិច្ចចរចាសន្តិភាពឡើងវិញ ហើយបានអំពាវ​នាវឱ្យបញ្ឈប់ការអន្តរាគមន៍ពីខាងក្រៅ និងការឃ្លាំមើលពេញលេញនៃការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ។

តំណាងប្រទេសលីប៊ីបានថ្កោលទោសការវាយប្រហាររបស់កងកម្លាំងប្រឆាំង ដែលផ្តោតទៅលើជនស៊ីវិល និងស្ថាប័នស៊ីវិល ​ហើយបានជំរុញឱ្យ UNSC ចាត់វិធានការរួមគ្នាបន្ថែមទៀតដោយសារតែស្ថានភាពកាន់តែអាក្រក់ទៅនៅក្នុងប្រទេសនៅអាហ្វ្រិកខាងជើង​មួយនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)