ក្រសួងអប់រំយុវជន និងកីឡា មិនទាន់អនុញ្ញាតឱ្យមានការជួបជុំក្នុងកីឡា

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

ដើម្បីបង្ការការទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលជារលកនៃការឆ្លងលើកទី២ ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បបានជាសះស្បើយ១០០ភាគរយយ៉ាងណាក្តី ក៏ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់ បន្តបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ខ្លឹមសារនៃលិខិតទាំងស្រុង មានដូចជា៖ ក្រសួងអប់រំយុវជន និងកីឡាមានកិត្តិយសគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់ មេត្តាជ្រាបថា៖ ផ្អែកតាមស្មារតីលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការពន្យារពេលគ្រឹះស្ថានសិក្សា និងផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្តីអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពល្អប្រសើរ ក្នុងរយៈពេលមួយខែកន្លងមក ពុំមានចម្លងថ្មី ហើយអ្នកឆ្លងចំនួន១២២នាក់ បានជាសះស្បើយទាំងអស់ ពុំមានអ្នកស្លាប់ ប៉ុន្តែតាមការវាយតម្លៃស្ថានភាពកូវីដ-១៩ នៅតែមានហានិភ័យខ្ពស់នៅឡើយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងអាចមានរលកឆ្លងជាថ្មីនៅជុំទីពីរ ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖

១. រក្សាគន្លាតសង្គម និងពង្រឹងវិធានការទប់ស្តាត់ និងប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវចេះ កែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅឱ្យស្របទៅតាមសភាពធម្មតាបែបគន្លងថ្មី ដូចជាអនុវត្តន៍    អនាម័យដៃស្អាត ពាក់ម៉ាស់ និងវាស់កម្ដៅ ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ ។

២. ពុំទាន់អនុញ្ញាតឱ្យកីឡាករ កីឡាការិនីហាត់ហ្វឹកហ្វឺន ។

៣. ពុំទាន់អនុញ្ញាតឱ្យដំណើរការក្លិបហាត់ប្រាណ ។

៤. ពុំទាន់អនុញ្ញាតឱ្យមានការប្រកួតលីគ ។

៥. ត្រូវរង់ចាំសេចក្តីប្រកាសផ្លូវការរបស់រាជរដ្ឋាភិបាលស្តីពីការអនុញ្ញាតឱ្យដំណើរការងារប្រក្រតីឡើងវិញ។

ក្រសួងអប់រំយុវជន និងកីឡាសង្ឃឹមយ៉ាងមុតមាំថា  សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធ និងក្លិបហាត់ប្រាណទាំងអស់ មេត្តាយោគយល់ចូលរួមសហការ ការពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕

ដោយ​​៖ ហេង ណាលីន