រដ្ឋសភាយកសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលចំនួន៥មកពិនិត្យសិក្សា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២១ ០៥ ២០២០៖

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ តាមសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យ សិក្សា មុនដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គអនុម័ត។
សេចក្តីព្រាងច្បាប់ចំនួន៥ ដែលត្រូវបានពិនិត្យក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២១ ខែឧសភានេះ មាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦និងវិសោធនកម្មឆ្នាំ១៩៧៩។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានេះថា សេចក្តីព្រាងច្បាប់ទាំង៥នេះ ជាសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើសុំសភាពិនិត្យ និងអនុម័ត ជាការប្រញ៉ាប់។
គណៈកម្មការជំនាញរដ្ឋសភា បានប្រគល់ភារកិច្ចឲ្យទៅគណៈកម្មការជំនាញពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៥នេះ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គធ្វើការពិភាក្សា និងអនុម័ត៕