មន្ត្រីសហរដ្ឋអាមេរិកនិយាយដោយទំនុកចិត្តអំពី កិច្ចព្រមព្រៀងថវិការបដិភាគការពារជាតិជាមួយ​កូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថា លោកមាន​ជំនឿចិត្តយ៉ាងខ្លាំងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងស្វែងរកផ្លូវឆ្ពោះទៅមុខនៅក្នុងកិច្ចចរចាអំពីថវិកាបដិភាគតម្លៃការពារជាតិ​របស់ពួកគេ ដែលភាគីទាំងពីរកំពុងខិតខំយ៉ាងខ្លាំងដើម្បីបំបែកភាពជាប់គាំង។

លោក Marc Knapper ឧបការីរងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ប្រទេស កូរ៉េ និងជប៉ុន បានធ្វើការកត់​សម្គាល់ដូចនេះនៅក្នុងសិក្ខាសាលាមួយតាមរយៈវីដេអូ ស្តីពីសម្ព័ន្ធភាព ចំពេលដែលមានការព្រួយបារម្ភអំពីការពន្យារពេលក្នុងការបញ្ចប់​កិច្ចពិភាក្សា ដែលអាចធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តនៅក្នុងវិស័យផ្សេងៗទៀត។

លោក Knapper បាននិយាយនៅក្នុងវេទិកាដែលរៀបចំឡើងដោយមូលនិធិសារព័ត៌មានកូរ៉េ និងមជ្ឈមណ្ឌលបូព៌ាបស្ចិមថា «ប្រាកដណាស់ យើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីបញ្ចប់នូវសេចក្តីសន្និដ្ឋាននេះ។ យើងចង់បាននូវអ្វីដែលយើងបានបញ្ចប់វានៅក្នុងរយៈ​ពេលប៉ុន្មានកន្លងមកនេះ ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តនឹងធ្វើឱ្យរឿងនេះកើតឡើង»។

លោកបាននិយាយបន្ថែមថា មេដឹកនាំទាំងពីររបស់យើងបានចូលរួមយ៉ាងពេញទំហឹងទៅលើបញ្ហានេះ។ ប៉ុន្តែវាជាការ​ចរចាមួយ។ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមិត្ត យើងទាំងពីរត្រូវបានបង្ខំឱ្យស្វែងរកផ្លូវឆ្ពោះទៅមុខ។ ហើយយើងនឹងស្វែងរកផ្លូវឆ្ពោះទៅមុខ។ ជាមួយនឹងអ្វីអស់នេះ ខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំង»។

មន្ត្រីរូបនោះបានបញ្ជាក់ជាថ្មីនូវជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពី«ការចែករំលែកបន្ទុកដោយ​យុត្តិធម៌» ជាមួយសម្ព័ន្ធមិត្តអាម៉េរិក ដែលជាប្រធានបទយុទ្ធនាការឃោសនាបោះឆ្នោតមួយរបស់លោក​ក្នុងការផ្តល់អាទិភាពដល់ផល​ប្រយោជន៍របស់សហរដ្ឋអាមេរិក។

លោកបាននិយាយថា «លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ សូម្បីតែក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដែលលោកចង់ធ្វើការ​ជាមួយសម្ព័ន្ធមិត្តរបស់យើងក្នុងការរកវិធីដើម្បីមានចំណែករួមគ្នានៃបន្ទុកក្នុងចំណោមសម្ព័ន្ធមិត្ត មិនត្រឹមតែប្រទេស​កូរ៉េខាងត្បូងប៉ុណ្ណោះ​ទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀតផងដែរ មិនថា នៅអាស៊ីភាគឦសាន ឬអឺរ៉ុបទេ ដើម្បីជាការកាត់បន្ថយបន្ទុកលើអ្នក​ជាប់ពន្ធអាម៉េរិក»៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)