កូរ៉េខាងត្បូងបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការស្តារសេដ្ឋកិច្ច ក្រោយការឆ្លងរាលដាលនៃវីរុស

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Hong Nam-ki បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ ខណៈ​ដែលប្រទេសនេះកំពុងវិលទៅរកសកម្មភាពធម្មតាវិញហើយ។

លោក Hong បានធ្វើការកត់សម្គាល់ដូចនេះនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីពាក់ព័ន្ធនឹងសេដ្ឋកិច្ច នៅពេលដែលសាលារៀន​មួយចំនួនត្រូវបានបើកឡើងវិញសម្រាប់មនុស្សពេញវ័យ។

មិនដូចប្រទេសដទៃទៀតទេ កូរ៉េខាងត្បូងមិនបានអនុវត្តន៍វិធានការចាក់សោបិទទ្វារប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះទេ។ ផ្ទុយទៅវិញ ប្រទេសនេះបានអនុវត្តន៍គោលការណ៍ណែនាំគម្លាតសង្គមយ៉ាងតឹងរឹង រួមជាមួយការសាកល្បងទ្រង់ទ្រាយធំផងដែរ។

លោក Hong បាននិយាយថា រដ្ឋាភិបាលនឹងជំរុញវិធានការដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសនេះឱ្យងើបឡើងវិញយ៉ាងឆាប់​រហ័សពីជំងឺរាតត្បាតនេះជាងប្រទេសដទៃទៀត។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបាននិយាយថា ខ្លួនមានគោលបំណងបង្កើតការងារចំនួន ១,៥៦លានកន្លែងនៅក្នុងវិស័យ​សាធារណៈ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសនេះបានទទួលរងការបាត់បង់ការងារយ៉ាងខ្លាំងក្នុងរយៈពេល ២១ឆ្នាំមកនេះ ដោយសារ​ជំងឺរាតត្បាតមួយនេះ។

ការងារប្រមាណ ១លានកន្លែងនៅក្នុងវិស័យសាធារណៈមិនទាន់ត្រូវបានបើកទេ ដោយសារតែច្បាប់ដែលទាក់ទងនឹងគម្លាត​ឆ្ងាយ ប៉ុន្តែរដ្ឋាភិបាលនឹងបើកការងារបែបនេះក្នុងពេលឆាប់ៗនេះ ដោយបន្ធូរបន្ថយវិធានការមួយចំនួន។

រដ្ឋាភិបាលក៏នឹងលើកទឹកចិត្តដល់ក្រុមហ៊ុនសាធារណៈដើម្បីបង្កើតការងារឱ្យបានចំនួន ៥៥០.០០០កន្លែងសម្រាប់យុវជន​ផងដែរ។

ថវិកាបន្ថែមទីបីនឹងត្រូវប្រកាសនៅដើមខែក្រោយ ដើម្បីកាត់បន្ថយការថយចុះសេដ្ឋកិច្ចពីការរាតត្បាតវីរុសនេះ។

លោក Hong បាននិយាយថា ថវិកាបន្ថែមទី ៣ នឹងរួមបញ្ចូលនូវថវិកាចំនួន ៣,៥ទ្រីលានវ៉ុន (២,៨ប៊ីលានដុល្លារអាមេរិក) ដើម្បីបង្កើតការងារចំនួន ៥៥០.០០០កន្លែងនៅក្នុងក្រុមហ៊ុនសាធារណៈ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)