ជំងឺកូវីដ-១៩៖ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីពិភាក្សាអំពីការស្តារសេដ្ឋកិច្ចឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat និងសមភាគីម៉ាឡេស៊ី លោក Tengku Zafrul Aziz បានពិភាក្សាគ្នាអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈសន្និសីទវីដេអូ ខណៈការរឹតបណ្តឹងច្បាប់ដោយសារ​ជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយជាបណ្តើរៗ ។

នៅក្នុងការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែឧសភា លោក Heng Swee Keat ដែលជា​ឧបនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីផងដែរនោះបាននិយាយថា ការពិភាក្សានោះផ្តោតសំខាន់ទៅលើស្ថានភាពជំងឺកូវីដ-១៩ ទាំងនៅក្នុង​ប្រទេស និងជុំវិញពិភពលោក។

លោកបានសរសេរថា «យើងបានចែករំលែកចំណុចរៀនសូត្រស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ អំពីវិធានការទប់ស្កាត់ការរីក​រាលដាលនៃវីរុសនេះ និងការជួយគាំទ្រដល់បណ្តាក្រុមហ៊ុនអាជីវកម្ម និងក្រុមគ្រួសារប្រជាជនរបស់យើងផងដែរ»។

រដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា។

ពួកគេបានបញ្ជាក់សារជាថ្មីនូវទំនាក់ទំនងទ្វេភាគីដែលមានជាយូរណាស់មកហើយ និងតម្រូវការសម្រាប់កិច្ចសហការគ្នាទៅវិញ​ទៅមក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)