កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ត្រូវបានបញ្ជូនទៅ សភាជាតិសម្រាប់ការផ្តល់សច្ចាប័ន

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃទី២០ ខែឧសភា អនុប្រធានាធិបតីវៀតណាម លោកស្រី Dang Thi Ngoc Thinh បានប្រគល់សំណើរបស់ប្រធានរដ្ឋទៅកាន់សភាជាតិ សម្រាប់ការផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប – វៀតណាម (EVFTA) នៅឯពិធីបើកសម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាលទី ១៤។

នៅក្នុងពិធីចុះហត្ថលេខានៅទីក្រុងហាណូយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កិច្ចព្រមព្រៀង EVFTA មាន ១៧ជំពូក ឧបសម្ព័ន្ធ៨ ពិធីសារ៨ អនុស្សរណៈនៃការយោគយល់គ្នា២ និងសេចក្តីថ្លែងការណ៍រួម៤ ។ ជាមួយនឹងកម្រិតនៃការប្តេជ្ញាចិត្តរបស់ខ្លួន​កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា ជាកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងមានគុណភាពខ្ពស់ដែលធានានូវតុល្យភាពផលប្រយោជន៍រវាង​វៀតណាម និង EU ហើយអនុលោមតាមបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។

អនុប្រធានាធិបតី លោកស្រី Thinh បាននិយាយថា ទាក់ទងនឹងនយោបាយ សន្តិសុខជាតិ និងយុទ្ធសាស្ត្រការទូត កិច្ចព្រមព្រៀង​នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយហេតុនេះវាអាចជួយអភិវឌ្ឍន៍ទំនាក់​ទំនងប្រកបដោយលក្ខណៈកាន់តែខ្លាំងក្លាថែមទៀត។

លោកស្រីបាននិយាយថា រួមជាមួយកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ការផ្តល់សច្ចាប័ន និងការអនុវត្ត EVFTA នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់           វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មសេរីអន្តរជាតិ ជួយជំរុញកិច្ចចរចា FTA ជាមួយដៃគូសំខាន់ៗដទៃទៀត នឹងត្រូវបានកត់សម្គាល់ជាដំណាក់កាលសំខាន់មួយ នៅក្នុងការធ្វើ​សមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងខ្លាំងក្លារបស់ប្រទេសនេះ។

យោងតាមអនុប្រធានាធិបតីរូបនេះបានឱ្យដឹងថា ក្នុងពេលដែលប្រទេសវៀតណាមកំពុងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២០ កិច្ចព្រមព្រៀង EVFTA នឹងជួយបង្កើនតួនាទី និងមុខមាត់របស់ខ្លួននៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុប – អាស៊ាន ហើយវានឹង​ក្លាយជាឧទាហរណ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្លុកទាំងពីរនាពេលអនាគត។

លោកស្រីក៏បានលើកឡើងផងដែរអំពីរបាយការណ៍របស់រដ្ឋាភិបាលដែលបាននិយាយថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជា​ធរមាន ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរបស់សហភាពអឺរ៉ុបនៅវៀតណាមនឹងមានការកើនឡើង ដោយរួមចំណែកយ៉ាងសកម្មដល់​កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងចំណូលថវិការដ្ឋ។

ទោះជាយ៉ាងណា លោកស្រីបានកត់សម្គាល់ថា កតិកាសញ្ញានេះក៏អាចបង្កើតជាបញ្ហាប្រឈមមួយចំនួននៅក្នុងការប្រកួត​ប្រជែងទីផ្សារ ការកែទម្រង់ប្រព័ន្ធច្បាប់ដើម្បីអនុលោមតាមតម្រូវការដ៏តឹងរឹងរបស់កិច្ចព្រមព្រៀងនេះ និងសម្ពាធនៃការត្រួតពិនិត្យសង្គម​ទៅលើការអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)